(ភ្នំពេញ)៖ នាយនគរបាលជាតិជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិចំនួន៥រូប ត្រូវបានធ្វើពិធីប្រកាសមុខតំណែង និងផ្ទេរភារកិច្ច នៅអគ្គស្នងការដ្ឋាននគរបាជាតិ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ចាន់ អ៊ាន អគ្គស្នងការនគរបាលជាតិស្តីទី នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦។

នាយនគរបាលទាំង៥រូបដែលត្រូវផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង រួមមានឧត្តមសេនីយ៍ឯក អ៊ុ អុន អត្តលេខ ៤១៩៤១ ពីនាយកវិទ្យាដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា ទៅជាអនុប្រធានសេនាធិការដ្ឋាន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ, ឧត្តមសេនីយ៍ទោ សម វណ្ណវីរៈ អត្តលេខ ០២១៧៩ ពីអនុប្រធានសេនាធិការដ្ឋាន ទៅជាប្រធាននាយកដ្ឋាន នគរបាលការពារបេតិកភណ្ឌ ជំនួស ឧត្តមសេនីយ៍ឯក តាន់ ចាយ ដែលត្រូវចូលនិវត្តន៍, ឧត្តមសេនីយ៍ទោ ធាម ប៊ុនសេង អត្តលេខ ០៧៥៦ អនុប្រធាននាយកដ្ឋាន ទៅជាប្រធាននាយកដ្ឋានគ្រប់គ្រង់អាវុធជាតិផ្ទុះ, ឧត្តមសេនីយ៍ទោ  អ៊ុក វណ្ណា អត្តលេខ ០១០០៦ អនុប្រធាននាយកដ្ឋាន ទៅជាប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ និងឧត្តមសេនីយ៍ទោ សំ ស៊ីយ៉ាន អត្តលេខ ១៥៧៤៩ អនុប្រធាននាយកដ្ឋាន ទៅជាប្រធាននាយកដ្ឋាននគរបាលទេសចរណ៍។

ក្នុងឱកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង មន្រ្តីនគរបាលជាតិកម្ពុជា នាយឧត្តមសេនីយ៍ ចាន់ អ៊ាន អគ្គស្នងការនគរបាលជាតិស្តីទី បានមានប្រសាសន៍ផ្តាំផ្ញើឲ្យនាយនគរបាល​ ដែលទើបទទួលបានការតែងតាំង មុខតំណែងថ្មីនាពេលនេះ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង រវាងថ្នាក់ដឹកនាំ និងមន្រ្តីថ្នាក់ក្រោម ជៀសវាងការបែងចែកបក្ខពួក នៅក្នុងអង្គភាព។

អគ្គស្នងការស្តីទី ក៏បានស្នើឲ្យប្រធាននាយកដ្ឋានថ្មី ត្រូវខិតខំបំពេញភារកិច្ច ឲ្យបានល្អថែមទៀត ជាពិសេសត្រូវពង្រឹងរបៀបរបបការងារ និងរបបប្រជុំឲ្យបានទៀងទាត់ ដើម្បីប្រសិទ្ធភាពការងារ ៕