(ភ្នំពេញ)៖ លោកស្រី ប៊ូ ជាងហ្គូ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានក្លាយទៅជាភ្ញៀវដំបូងគេ ដែលលោកទេសរដ្ឋមន្រ្តី ប្រាក់ សុ ខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទទួលជួបមុនគេបង្អស់បន្ទាប់ពីរូបលោកចូលកាន់តំណែងបាន មួយសប្តាហ៍។

លោក ប្រាក់ សុខុន បានចូលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងការបរទេសកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦ មកដល់ថ្ងៃទី១២ ខែមេ សានេះ មានរយៈពេលមួយសប្តាហ៍ហើយ ហើយក៏ជាថ្ងៃដែលរូបលោកបានផ្តល់ការអនុញ្ញាតឲ្យភ្ញៀវបរទេសចូលជួបសម្តែងការអប អរសាទរ និងសម្តែងការគួរសមជាមួយរូបលោកផងដែរ។

ភ្ញៀវបរទេសដំបូងគេ ដែលលោក ប្រាក់ សុខុន អនុញ្ញាតឲ្យចូលជួបនេះ គឺលោកស្រី ប៊ូ ជាងហ្គូ ឯកអគ្គរដ្ឋទូតចិនប្រចាកម្ពុជា។ ការ ផ្តល់កិត្តិយសជូនឯកអគ្គរដ្ឋទូតចិន ចូលជួបដំបូងគេ គឺជាសារបង្ហាញឲ្យឃើញពីទំនាក់ទំនងការទូតកម្ពុជា-ចិន ដែលមានភាពស្អិត ល្មួតតាំងពីអតីតកាល ក៏ដូចជាបច្ចុប្បន្នផងដែរ។

ក្នុងជំនួបពិភាក្សាការងារនាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះ លោក ប្រាក់ សុខុន និងលោកស្រី ប៊ូ ជាងហ្គូ បានពិភាក្សាទៅលើ ការងារជាច្រើន ដើម្បីពង្រីក និង ពង្រឹងទំនាក់ទំនងកម្ពុជា-ចិន ឲ្យកាន់តែល្អប្រសើរថែមទៀត នៅក្នុងអាណត្តិលោក ប្រាក់ សុខុន ជា រដ្ឋមន្រ្តី។

បើតាមលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានក្រោយជំនួបថា នៅក្នុងជំនួបនេះលោកស្រី ប៊ូ ជាងហ្គូ បានសម្តែងការអបអរសាទរ និងបាននាំយកការផ្តាំផ្ញើនូវការចូលរួមអបអរសាទរពីលោក វ៉ាង យី រដ្ឋមន្រ្តីក្រសួងការបរទេស ចិន ជូនចំពោះលោក ប្រាក់ សុខុន ផងដែរ។

ក្នុងជំនួបនេះលោកស្រី ប៊ូ ជាងហ្គូ បានអញ្ជើញលោក ប្រាក់ សុខុន ទៅចូលរួមវេទិការដ្ឋមន្រ្តីក្រសួងការបរទេស របស់សន្និសីទស្តី អន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តទៅអាស៊ី ដែលធ្វើឡើងនៅក្នុងប្រទេសចិននាចុងខែមេសានេះ។

ជំនួបនាព្រឹកមិញក៏មានការពិភាក្សា អំពីការរៀបចំទទួលដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី មកកាន់ប្រទេសចិន និង ការយាង  របស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហមុនី និងការអញ្ជើញបំពេញទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន  សែន ទៅកាន់ប្រទេសចិន ក្នុងឆ្នាំ២០១៦នេះផងដែរ៕