(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការប្រជុំសភានៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះ គ្មានការនិយាយរឿង ដកអភ័យឯកសិទ្ធិ ឬមិនដកនោះទេ មានតែរបៀបវារៈឱ្យតុលាការបន្តនីតិវិធី ឬមិនផ្អាក លើករណីលោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ។ សម្តេចថា បើចង់ផ្អាកនីតិវិធីរបស់តុលាការ ទៅលើបទល្មើសជាក់ស្តែងរបស់តំណាងរាស្រ្ត ត្រូវរកឱ្យបានសំឡេង ៣/៤នៅក្នុងរដ្ឋសភា ប៉ុន្តែសម្តេចបានប្រកាសជំហរជាមុនថា សម្តេចនឹងមិនព្រមបោះឆ្នោតឱ្យតុលាការផ្អាកនីតិវិធី ទៅលើករណីនេះនោះទេ។ (សូមស្តាប់ការលើកឡើងរបស់សម្តេចតេជោខាងក្រោម)

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅក្នុងពិធីសំណេះសំណាលជាមួយ យោធិនពិការ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន ៣១៧គូលេន នៅឃុំបល្ល័ង្ក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះ ស្របពេលដែល រដ្ឋសភាគ្រោងនឹងបើកកិច្ចប្រជុំពេញអង្គមួយ ពិភាក្សាលើការចាប់ខ្លួនលោក អ៊ុំ សំអាន តំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ចូលទៅដល់រដ្ឋសភា អត់មាននិយាយរឿងដកអភ័យឯកសិទ្ធិ ឬមិនដកអភ័យឯកសិទ្ធិទេ គឺចាប់ក្នុងករណីបទល្មើសជាក់ស្តែង គឺមានតែទៅសួរសភាថា ដំណើរការក្តីនេះ ទៅមុខទៀតឬអត់ ទៅមុខឬថយក្រោយ បើចង់ឱ្យថយក្រោយត្រូវមានសំឡេង៣ភាគ៤ ដើម្បីទាញក្តីនេះ ឱ្យថយក្រោយ បើអ្នកឯងរក៣ភាគ៤ទប់មិនបានទេ ក្តីនេះទៅមុខ»

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា តាមសេចក្តីរាយការណ៍របស់សមត្ថកិច្ច, ករណីរបស់ លោក អ៊ុំ សំអាន ជាបទល្មើសជាក់ស្តែងពាក់ព័ន្ធនឹងការផ្សព្វផ្សាយរឿងព្រំដែន នៅលើទំព័រ Facebook។ សម្តេចថា ខណៈដែលចាប់ខ្លួន និងកំពុងឃុំខ្លួនតំណាងរាស្រ្តរូបនេះ នៅលើទំព័រ Facebook របស់គាត់ នៅកំពុងបង្ហោះប្រឌិតរឿងព្រំដែននៅឡើយ។

សម្តេចថា «កុំអាងមានអភ័យឯកសិទ្ធិ អ្នកឯងមកប្រព្រឹត្តបទល្មើសជាក់ស្តែង នេះគឺជាបទល្មើសជាក់ស្តែង បើសិនជា អ្នកឯងដកចេញពី Page ហ្នឹង កន្លះឆ្នាំ ឬក៏៣ខែរួចហើយ ខ្ញុំអត់ចាប់អ្នកឯងបានទេ ប៉ុន្តែនៅម៉ោងនេះ... បើកមើល Facebook របស់អ្នកដែលត្រូវចាប់ខ្លួនមើល ប្រហែលជាមិនទាន់បិទទេ ព្រោះម្ចាស់កំពុងជាប់ខ្នោះ»។

សូមបញ្ជាក់ថា លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកត្រឡប់ពីអាមេរិកមកដល់ប្រទេសកម្ពុជា។ លោកត្រូវបានចាប់ខ្លួន នៅម្តុំផ្សារកណ្តាល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅពេលលោកចុះដកលុយនៅទូរ ATM របស់ធនាគារ។ សមត្ថកិច្ចបានបញ្ជាក់ថា លោក អ៊ុ សំអាន ត្រូវបានចាប់ខ្លួននៅលើទឹកដីខេត្តសៀមរាប ពីបទប្រើប្រាស់ផែនទីក្លែងក្លាយ ដូចករណីលោក ហុង សុខហួរ ដែរ។ សមត្ថកិច្ចថា ករណីនេះជាបទល្មើសជាក់ស្តែង៕

សូមស្តាប់ការលើកឡើងរបស់សម្តេចតេជោខាងក្រោម៖

Advertising