(សៀមរាប)៖ ស្ថាប័ន GIZ បានសន្យាបន្តសហការជាមួយអាជ្ញាធរជាតិអប្សរាលើការជួសជុល និងអភិរក្សប្រាង្គប្រាសាទ ឱ្យនៅគង់វង្សយូរអង្វែងបន្តទៀត ជាពិសេបង្កើតវគ្គបណ្តុះបណ្តាលសមត្ថភាពបន្ថែមលើការជួសជុលអភិរក្សថ្ម។
ការសន្យានេះត្រូវបានបង្ហាញក្នុងឱកាសលោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ជួបសំណេះសំណាលជាមួយលោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នាថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០២១ ដើម្បីពង្រឹងកិច្ចសហការរវាងស្ថាប័អាជ្ញាធរជាតិអប្សរា និងស្ថាប័ន GIZ ក្នុងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែមដល់មន្រ្តី-បុគ្គលិក អាជ្ញាធរជាតិអប្សរាកាន់តែល្អប្រសើរលើវិស័យបេតិកភណ្ឌ។
លោក Christian Berger យល់ថា ការងារជួសជុល អភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោក ជាការងារយូរអង្វែង ហើយស្ថាប័នGIZ នឹងនៅតែបន្តសហការជាមួយអាជ្ញាធរជាតិអប្សរា ស្តីពីការជួសជុល និងអភិរក្សប្រាង្គប្រាសាទ ឱ្យនៅគង់វង្សយូរអង្វែងបន្តទៀត ជាពិសេបង្កើតវគ្គបណ្តុះបណ្តាលសមត្ថភាពបន្ថែមលើការជួសជុល អភិរក្សថ្ម។
លោក ឡុង កុសល បានថ្លែងអំណរគុណដល់ឯកអគ្គរដ្ឋទូតប្រទេសអាល្លឺម៉ង់ ចំពោះកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័ន GIZ នាពេលកន្លងមក និងពេលអនាគត។
លោកចាត់ទុកថាកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិក្នុងការងារអភិរក្សជារឿងសំខាន់ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព រក្សាបាននូវតុល្យភាពរវាងការអភិក្ស និងការអភិវឌ្ឍន៍។ រីឯការបណ្តុះបណ្តាលធនធានមនុស្ស គឺជាអាទិភាពរបស់អាជ្ញាធរជាតិអប្សរា ព្រោះការបណ្តុះបណ្តាលជាចំណែកមួយយ៉ាងសំខាន់ក្នុងការឈានទៅពង្រឹងសមត្ថភាពរបស់ខ្លួន៕