(ភ្នំពេញ)៖ លោក ថេង បញ្ញាធន ប្រតិភូរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកផែនការនៃក្រសួងផែនការ បានឱ្យដឹងថា គិតមកដល់ពេលនេះ មានប្រជាពលរដ្ឋក្នុងរង្វង់៦៨ម៉ឺនគ្រួសារ ដែលមានចំនួនប្រជាពលរដ្ឋជិត ២,៩លាននាក់ ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា នាដំណាក់កាលកូវីដ១៩ ដោយចំណាយថវិកាប្រមាណរង្វង់៥០០លានដុល្លារ។

ការឱ្យដឹងបែបនេះរបស់លោក ថេង បញ្ញាធន បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វិធីសាស្ត្រថ្មីសម្រាប់គណនា អាត្រាភាពក្រីក្រនៅកម្ពុជា និងអាត្រាភាពក្រីក្រឆ្នាំ២០២០» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ មានការអញ្ជើញចូលរួមជាវាគ្មិនពីទេសរដ្ឋមន្ដ្រី ឆាយ ថន រដ្ឋមន្ដ្រីក្រសួងផែនការ និងមានការសម្របសម្រួលពី លោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

បើតាមលោក ថេង បញ្ញាធន បានឱ្យដឹងថា សម្រាប់ប្រជាពលរដ្ឋ ដែលបានរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ គឺស្ថិតនៅក្នុងប្រមាណជាង១០ម៉ឺនគ្រួសារ និងបានធ្លាក់ខ្លួនក្នុងភាពក្រីក្រី ប៉ុន្តែក្រោយពេលរដ្ឋាភិបាលបានបើកដំណើរការ សកម្មភាពសេដ្ឋកិច្ចឡើងវិញ ពួកគេនឹងអាចស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។

លោក ថេង បញ្ញាធន បានប៉ាន់ប្រមាណយ៉ាងដូច្នេះថា «ទិន្នន័យសរុបដែលយើងបានកំណត់ថា ជាគ្រួសារក្រីក្រ ហើយទទួលបានថវិកាឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា គឺគិតមកដល់ពេលនេះគឺរង្វង់៦៨ម៉ឺនគ្រួសារ បើគិតជាចំនួនប្រជាជនក្នុងរង្វង់ជិត ២,៩លាននាក់ ដែលទទួលបានប្រាក់ឧបត្ថម្ភាពីរដ្ឋាភិបាល ឯថវិកាដែលបានចំណាយក្នុងរង្វង់ ៥០០លានដុល្លារអាមេរិក ដែលបានផ្តល់ជូនគ្រួសារក្រីក្រ និងគ្រួសារដែលរងផលប៉ពាល់ដោយសារជំងឺកូវីដ១៩»

បើតាមលោក ថេង បញ្ញាធន បានបញ្ជាក់ថា សម្រាប់ទិន្នន័យនេះ គឺជាចំនួនសរុបខណៈមុនពេលរាតត្បាតជំងឺកូវីដ១៩ គឺមានប្រជាពលរដ្ឋប្រមាណ៥០ម៉ឺនគ្រួសារ ដែលមានប្រជាពលរដ្ឋខ្ទង់ជិត២លាន៤សែននាក់ ខណៈដំណាក់កាលរាត្បាតជំងឺកូវីដ១៩ ចំនួនប្រជាពលរដ្ឋប្រមាណ១០ម៉ឺនគ្រួសារ បានរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩នេះបន្ថែមទៀត ទើបធ្វើចំនួនគ្រួសារក្រីក្រកើនឡើង៕