(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធាន (Wang Wentian) បានអះអាងក្នុងនាមរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនយ៉ាងដូច្នេះថា ដរាបណាប្រទេសកម្ពុជាមិនទាន់អស់មេរោគ និងជំងឺកូវីដ១៩ទេនោះ រដ្ឋាភិបាលចិនក៏មិនបញ្ឈប់ការផ្គត់ផ្គង់ជំនួយវ៉ាក់សាំងបង្ការមេរោគកូវីដ១៩ជូនមកកម្ពុជាដែរ។

ការបង្ហាញនូវទឹកចិត្តស្មោះសបែបនេះធ្វើឡើងក្នុងឱកាសលោកឯកអគ្គរដ្ឋទូត វ៉ាង វិនធាន រួមជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញទៅទទួលវ៉ាក់សាំងបង្ការមេរោគកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលនិងប្រជាជនចិនចំនួន២លានដូសបន្ថែមទៀត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។

បន្ទាប់ពីលើកឡើងនូវសាវតានៃកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងកាទូតរវាងកម្ពុជា-ចិនរួចមក ឯកអគ្គរដ្ឋទូត វ៉ាង វិនធាន បានរំឭកសាជាថ្មីថា ចិននិងកម្ពុជា គឺជាបងប្អូនដែលប្រៀបដូចជា «ដៃនិងជើង» ជាមិត្តល្អដែលស្គាល់ចិត្តគ្នាទៅវិញទៅមក។

លោក វ៉ាង វិនធាន បានថ្លែងយ៉ាងដូច្នេះថា «ដរាបណាវីរុសកូវីដកូវីដ១៩នៅក្នុងប្រទេសកម្ពុជាមិនទាន់បញ្ចប់ ការផ្ដល់ជំនួយរបស់ចិនមកកាន់ប្រទេសកម្ពុជា ក៏មិនអាចបញ្ឈប់បានឡើយ ហើយកិច្ចទប់ស្កាត់មេរោគកូវីដ១៩នេះ ក៏នៅតែបន្តប្រកៀកស្មាជាមួយប្រជាជនកម្ពុជាជានិច្ច»

ឯកអគ្គរដ្ឋទូតចិនដែលកំពុងបំពេញបេសកកម្មនៅកម្ពុជាប្រមាណ២ឆ្នាំមកហើយនេះ បានបង្ហាញនូវការជឿជាក់ថា ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីព្រះមាតាជាតិខ្មែរ ក៏ដូចជាក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជានឹងឈានទៅទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ជាក់ជាមិនខាន។

គួរជម្រាបថា ប្រទេសចិនបានក្លាយជាប្រទេសឈានមុខគេ និងមុនគេបង្អស់ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការមេរោគកូវីដ១៩មកដល់ប្រទេសកម្ពុជា ខណៈថ្ងៃដំបូងដែលវ៉ាក់សាំងរបស់ចិនមកដល់កម្ពុជា គឺនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ ប្រទេសចិនក៏បានក្លាយជាប្រទេសដែលកម្ពុជាជ្រើសរើសធ្វើជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការមេរោគកូវីដ១៩ផងដែរ។

គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មិត្តចិនបានផ្តល់ជំនួយ និងសម្របសម្រួលក្នុងការបញ្ជាទិញវ៉ាក់សាំងបង្ការមេរោគកូវីដ១៩សរុបចំនួន ៣៦,៨០០,០០០ ដូស ដោយក្នុងនោះកម្ពុជាទទួលបានវ៉ាក់សាំងជំនួយ ៨,៣០០,០០០ ដូស។

នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន តាមប្រព័ន្ធវីដេអូនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំថា រដ្ឋាភិបាលនិងប្រជាជនចិននៅតែបន្តផ្តល់ជំនួយវ៉ាក់សាំង និងសម្ភារបរិក្ខារវេជ្ជសាស្ត្រផ្សេងៗទៀតដល់កម្ពុជា ដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕