(សហរដ្ឋអាមេរិក)៖ លោក ហ៊ុន ម៉ាណែត ពីសហរដ្ឋអាមេរិក ទីដែលលោក និងថ្នាក់ដឹកនាំវ័យក្មេងរបស់ គណបក្សប្រជាជនកម្ពុជា ​កំពុងបំពេញទស្សនកិច្ចនោះ បានថ្លែងជំរុញដល់សមាជិក សមាជិកាថ្មីរបស់ខ្លួន ត្រូវតែធ្វើអំពើល្អ ជូនដល់ពលរដ្ឋ ដើម្បីការពារ និងជួយគណបក្សប្រជាជនកម្ពុជា។

លោក ហ៊ុន ម៉ាណែត បានថ្លែងថា « ការជួយគណបក្សប្រជាជន គឺគ្មានអ្វីក្រៅពីការខិតខំធ្វើសកម្មភាព ធ្វើអំពើល្អដល់ប្រជាពលរដ្ឋ ផ្សព្វផ្សាយអ្វីដែលជាការពិត របស់រាជរដ្ឋាភិបាល និងសន្យាហើយត្រូវតែធ្វើ »។ ការលើកថ្លែងរបស់កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន ដ៏មានប្រជាប្រិយភាពរូបនេះបានធ្វើឡើងនៅ ចំពោះមុខ ក្រុមយុវជនជាង២០០នាក់ ដែលត្រូវប្រកាសបញ្ចូលជាសមាជិក គណបក្សប្រជាជនកម្ពុជា នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦។​
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីលោក អ៊ុច បូរិទ្ធ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាមេរិក លោក ជុំ ប៊ុនរ៉ុង និងប្រធានក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្ស ប្រជាជនកម្ពុជា នៅក្រៅប្រទេសលោក ហ៊ុន ម៉ាណែត។ សូមជម្រាបថា ការប្រកាសបញ្ចូលសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជានេះបាន និងកំពុងធ្វើតាមបណ្តាប្រទេសនានា ដោយក្រុមការងារយុវជន នៅក្រៅប្រទេសដឹកនាំដោយលោក ហ៊ុន ម៉ាណែត៕