(តូក្យូ)៖ លោក ចន ឃើរី នៅក្នុងដំណើរបំពេញទស្សនកិច្ចទៅកាន់ស្តូបរំលឹកវិញ្ញាណក្ខន្ធជនជាតិជប៉ុនរាប់សែននាក់ ដែលបានស្លាប់ដោយសារតែការទម្លាក់គ្រាប់បែកបរមាណូ ដោយសហរដ្ឋអាមេរិក កាលពីឆ្នាំ ១៩៤៥នោះ បានចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធដូចបណ្តារដ្ឋមន្ត្រីការបរទេស នៃបណ្តាប្រទេស G7 ដទៃទៀត ប៉ុន្តែ វាពុំមែនជាឱកាសដែលអាមេរិកធ្វើការសូមអភ័យទោស ចំពោះទង្វើកាលពីអតីតកាល នោះឡើយ។ នេះបើការ ចេញផ្សាយដោយស៊ិនហួរ នៅយប់ថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០១៦។

គួរបញ្ជាក់ថា វាជាលើកទីមួយក្នុងប្រវត្តិសាស្ត្រ ដែលមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលអាមេរិក បានទៅចូលរួម គោរពវិញ្ញាណក្ខន្ធ នៅស្តូបហ៊ីរ៉ូស៊ីម៉ា ដែលជាកន្លែងតម្កល់ឈ្មោះនាយទាហាន និង ប្រជាជនរាប់សែននាក់ដែលបាន ស្លាប់ដោយសារស្នាដៃរបស់អាមេរិក ហើយវាពិតជាបានដក់ជាប់ក្នុងបេះដូង ដ៏សែនឈឺចាប់របស់ប្រជាជនជប៉ុន គ្រប់រូបមិនអាចបំភ្លេចបាន។

យ៉ាងណាក៏ដោយប្រជាជនជប៉ុនជាច្រើនតែងតែទាមទារឲ្យអាមេរិកធ្វើការ សូមទោសជាផ្លូវការ ចំពោះទង្វើកាលពី អតីតកាលនោះ ដូចទៅនឹងការសូមទោសចំពោះអតីតស្ត្រីទាសករផ្លូវភេទ កាលពីសម័យ ជប៉ុនកាន់កាប់ឧបទ្វីបកូរ៉េ នោះផងដែរ ប៉ុន្តែកន្លងរាប់ទសវត្សរ៍មកនេះ អាមេរិកមិនបានបង្ហាញ សញ្ញាណាមួយថាចង់សូមទោសនោះឡើយ៕