(ពោធិ៍សាត់)៖ លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ បានត្រៀមរួចជាស្រេចនូវវិធានការសរុប មធ្យោបាយសរុប ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា ក្នុងករណីមានគ្រោះមហន្តរាយណាមួយកើតឡើង ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ខណៈដែលកំពុងទទួលរងប៉ះពាល់ដោយឥទ្ធិពលពីជើងនូវទ្រនុងសម្ពាធខ្ពស់ចិន ប្រសព្វនិងជ្រលងសម្ពាធទាបប៉ាស៊ីហ្វិកទូលពីក្រោមឡើងលើ។

លោកអភិបាលខេត្តបញ្ជាក់យ៉ាងដូច្នេះក្នុងឱកាសដឹកនាំកម្លាំងចុះពិនិត្យស្ថានភាពទឹកស្ទឹងពោធិ៍សាត់ ត្រង់ចំណុចមុខសាលាខេត្ត និងកោះសំពៅមាស ដែលបច្ចុប្បន្នទឹកកំពុងហក់ឡើងយ៉ាងគំហុក ក្នុងកម្រិតប្រកាសអាសន្ន នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ក្នុងនាមអាជ្ញាធរខេត្ត លោកបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ដែលកំពុងជន់លិចនេះ ពិសេសប្រុងប្រយ័ត្នចំពោះកុមារតូចៗ និងរក្សាអនាម័យឱ្យបានត្រឹមត្រូវ។ ជាងនេះទៅទៀត អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់តាមដានក្តាប់ព័ត៌មាន អំពីសភាពការណ៍គ្រោះធម្មជាតិ ស្ថានភាពរបស់ប្រជាពលរដ្ឋ ត្រៀមមធ្យោបាយអន្តរាគមន៍បានទាន់ពេលវេលា។

បើតាមលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹកខេត្ត បានឱ្យដឹងថា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ គិតត្រឹមម៉ោង២៖៣០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មានកម្ពស់៥.១០ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៥ម៉ែត្រ) ស្ទឹងក្រវាញមានកម្ពស់៣.១៧ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៦ម៉ែត្រ) និងស្ទឹងវាលវែងមានកម្ពស់២.៦ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៩ម៉ែត្រ)។ ចំពោះស្ថានភាពទឹកតាមដងស្ទឹងពោធិ៍សាត់ ទឹកនៅនឹងរយៈពេលជិត៣ម៉ោងហើយ ដោយឡែកទឹកស្ទឹងនៅស្រុកភ្នំក្រវាញ ក៏ចាប់ផ្តើមស្រកចុះកម្ពស់០.៣២ម៉ែត្រដែរ ហើយនៅក្រុងពោធិ៍សាត់ ទឹកស្ទឹងអាចនឹងស្រកចុះប្រហែលជាម៉ោង៥ល្ងាចនេះ ប្រសិនបើគ្មានភ្លៀងធ្លាប់ជាបន្តបន្ទាប់ នៅផ្នែកខាងលើនៃស្រុកវាលវែង និងស្រុកភ្នំក្រវាញនោះទេ។

លោកប្រធានមន្ទីរបានបន្ថែមថា កាលពីព្រឹកមិញនេះ ក្នុងនាមមន្ទីរជំនាញ លោកបានចេញសេចក្តីជូនដំណឹងមួយដល់សាធារណជនឱ្យបានជ្រាប ពីស្ថានភាពទឹកស្ទឹងពោធិ៍សាត់មានកម្ពស់ទឹកកើនឡើង ក្នុងកម្រិតប្រកាសអាសន្ន។ ជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមដឹងស្ទឹងពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះ៕