(រតនគិរី)៖ ប្រជាពលរដ្ឋចំនួន៧៤០គ្រួសារ រស់នៅស្រុកកូនមុំ ខេត្តរតនគិរី ដែលរងគ្រោះដោយទឹកជំនន់ និងជនងាយរងគ្រោះបំផុត នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានទទួលអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្រោមការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ការចែកអំណោយមនុស្សធម៌ខាងលើនេះធ្វើក្រោមការចូលរួមពីលោក អ៊ុយ សំអាត នាយកនៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ លោកស្រី ញាន ទិត្យចិន្តា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការសាខា-អនុសាខា និងក្រុមប្រតិបត្តិសាខា។

លោក អ៊ុយ សំអាត បានពាំនាំនូវសារអំពាវនាវពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ញើជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលសម្ដេចតែងតែយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ និងរក្សាអនាម័យ ព្រោះសុខភាពជាកត្តាចម្បងសម្រាប់ប្រជាពលរដ្ឋគ្រប់គ្នា ដូច្នេះសូមគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឱ្យកើតមានជំងឺរាគរូស ឬជំងឺដង្កាត់នានា ដែលធ្វើឱ្យខាតបង់ពេលវេលា និងថវិកាក្នុងការព្យាបាលជំងឺ ហើយនៅពេលទឹកស្រក មុនពេលត្រឡប់ទៅរស់នៅលំនៅដ្ឋានវិញ សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត មានអនាម័យ ហើយខិតខំបន្តបង្កបង្កើតផលដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ជាពិសេសសូមបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ស្របតាមពាក្យស្លោក «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩» ដោយអនុវត្តតាមវិធាន ៣ការពារ និង ៣កុំ ប្រកបដោយស្មារតីប្រុងប្រយ័ត្នជានិច្ច និងរស់នៅតាមបែបគន្លងថ្មីនៃបរិបទកូវីដ-១៩។

អំណោយមនុស្សធម៌ចែកជូននាពេលនេះក្នុងគ្រួសារនីមួយៗទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី៦ដប ទឹកស៊ីអ៉ីវ៦ដប និងប័ណ្ណប្រកាសអំពីជំងឺកូវីដ-១៩ចំនួន២សន្លឹក។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន៣ស្រុករបស់ខេត្តរតនគិរី ដែលទទួលរងគ្រោះដោយទឹកជំនន់នាពេលកន្លងមក រួមមាន ស្រុកលំផាត់ចំនួន២៥៤គ្រួសារ ស្រុកតាវែងចំនួន៣៧៣គ្រួសារ និងស្រុកកូនមុំចំនួន៧៤០គ្រួសារ សរុបទាំង៣ស្រុកចំនួន១,៣៦៧គ្រួសារ បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា៕