(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បាននាំយកអំណោយសង្រ្គោះបឋមដែលជាអំណោយរបស់សម្ដេចក្រឡាហោម ស ខេង និងលោកស្រី ចែកជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងចំនួន៩៨គ្រួសារ បន្ទាប់ពីបានជម្លៀសពួកគាត់មកកាន់ទីទួលសុវត្ថិភាពរួចរាល់។

អំណោយដែលប្រគល់ជូនក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ទឹកសុទ្ធ១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ និងត្រីខ១យួរ។

លោក សុខ លូ បានប្រាប់ប្រជាពលរដ្ឋថា សម្ដេចក្រឡាហោម ស ខេង និងលោកស្រី តែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជាប់ជានិច្ច។ ជាក់ស្ដែង ក្រោយពីទទួលបានដំណឹងពីការប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងក្នុងស្រុករុក្ខគិរីរួចមក សម្ដេចក្រឡាហោមក៏បានណែនាំរដ្ឋបាលខេត្តបាត់ដំបងនាំយកអំណោយសង្រ្គោះបឋមមកជាបន្ទាន់ ដើម្បីជួយសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនេះ។

លោកបានបន្តទៀតថា បើទោះបីជាឥឡូវនេះ ស្ថានភាពទឹកចាប់ផ្ដើមស្រកក្ដី ក៏មិនត្រូវធ្វេសប្រហែសឡើយ ពោលគឺមន្រ្ដីដែលទទួលបន្ទុកឃ្លាំមើលទ្វារទំនប់ទប់ទឹក ត្រូវពិនិត្យមើលស្ថានភាពអាកាសធាតុឲ្យបានម៉ត់ចត់ ព្រោះប្រជាពលរដ្ឋមិនអាចមើលឃើញ ឬទាយដឹងមុនទេថា ពេលណាមានភ្លៀងធ្លាក់ចូលទៀត ពេលណារាំងភ្លៀងទេ ដូចនេះប្រជាពលរដ្ឋគ្រប់គ្នាត្រូវតាមដានឲ្យបានជាប់ជាប្រចាំ។

លោកក៏បានជំរុញដល់មន្ទីរអង្គភាពពាក់ព័ន្ធ ពិនិត្យលទ្ធភាពដើម្បីត្រៀមស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងផ្នែកកសិកម្មរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងរងការខូចខាតដោយសារទឹកជំនន់នេះ។

ឆ្លៀតក្នុងឱកាសនោះ លោកក៏បានជំរុញដល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង ត្រូវប្រញាប់មកទទួលការចាក់វ៉ាក់សាំង និងអ្នកដែលបានចាក់បាន២ដូសរួចមកហើយនោះ គឺត្រៀមលក្ខណៈក្នុងការទទួលការចាក់វ៉ាក់សាំងដុសជំរុញដែលជាដូសទី៣ ដើម្បីការពារនិងសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋរួចផុតពីការរាតត្បាតពីជំងឺកូវីដ-១៩៕