(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានសន្យាចំពោះប្រជាពលរដ្ឋថា នឹងចាត់ការលើករណីឡានដឹកខ្សាច់ ដែលធ្វើឱ្យផ្លូវប្រវែងប្រមាណ១ពាន់ម៉ែត្រខូចខាតស្ទើរទាំងស្រុង ស្ថិតនៅភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ បន្ទាប់ពីមានការត្អូញត្អែររបស់ប្រជាពលរដ្ឋ និងស្នើឱ្យលោកដោះស្រាយលើករណីនេះផង។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឱ្យដឹងថា ផ្លូវលំភូមិលេខ១ក សង្កាត់ស្វាយរលំនេះ គឺជាផ្លូវលំមួយប្រើប្រាស់ដោយប្រជាពលរដ្ឋច្រើនរយនាក់ក្នុងមូលដ្ឋាន និងមិនដែលមានការខូចខាតខ្ទេចខ្ទាំខ្លាំងទេ បើទោះបីជាផ្លូវនោះបានរងនឹងការលិចម្តងម្កាលដោយសារជំនន់ទឹកភ្លៀងក៏ដោយ។ ពួកគាត់តែងរៃអង្គាសគ្នាដើម្បីចាក់ដី និងក្រួសតាមលទ្ធភាព ដើម្បីធ្វើឲ្យផ្លូវដែលប្រើប្រាស់សម្រាប់បម្រើជីវភាពចាំបាច់រៀងរាល់ថ្ងៃមិនឲ្យស្ទះពេលវេលាឡើយ។ ប៉ុន្តែផ្លូវលំលេខក១ ប្រវែងប្រមាណ១ពាន់ម៉ែត្រ ក្រោយការចាប់ដឹកដីដោយក្រុមហ៊ុនរថយន្តដឹកខ្សាច់ HSK ធ្វើអាជីវកម្មរបស់ខ្លួន ឆ្លងកាត់លើផ្លូវនោះច្រើនសប្តាហ៍កន្លងមកនេះ ការរកស៊ីចិញ្ចឹមជីវិត និងការធ្វើដំណើរបស់មន្ត្រីរាជការដែលរស់នៅតាមដងផ្លូវនោះបានជួបប្រទះការលំបាកជាខ្លាំង។

ផ្លូវត្រូវក្រុមហ៊ុនដឹកខ្សាច់ និងថ្មបើកកិនកម្ទេច បើទោះបីជាមានការចាក់ដី និងកម្ទេចថ្មខ្លះក៏ដោយ។ អ្នកភូមិបានរាយការណ៍ថា តំណាងក្រុមហ៊ុន ព្រោះតែដើម្បីបានដឹកដីយកទៅចាក់បំពេញស្រះនៅតំបន់ក្បែរនោះ បានធ្វើលិខិតមួយជាមួយប្រធានភូមិ ដោយសន្យាថា បើសិនការដឹកខ្សាច់លើផ្លូវនោះខូច គេនឹងជួលជុលបន្ថែម ប៉ុន្តែក្រុមហ៊ុនបានអនុវត្តតិចតួចណាស់មិនដូចតាមការសន្យានោះឡើយ បើទោះបីមានមានការចាក់ដីខ្សាច់ និងកម្ទេចថ្មខ្លះលើផ្លូវនោះក៏ដោយ។

អ្នកភូមិថ្លែងថា ការចាក់ដីខ្សាច់ និងកម្ទេចថ្មខ្លះលើផ្លូវនោះដោយក្រុមហ៊ុន គឺជាការជួយឲ្យរថយន្តដឹកខ្សាច់ខ្នាតយក្សនោះ ធ្វើដំណើរដើម្បីប្រយោជន៍របស់ខ្លួនតែប៉ុណ្ណោះ ប៉ុន្តែរថយន្តខ្នាតតូច, ម៉ូតូ និងយានយន្តនានារបស់ប្រជាពលរដ្ឋ នៅទីនោះ មិនអាចធ្វើដំណើរបានឡើយដោយសារល្បប់ភក់ ធ្វើឲ្យរថយន្តម៉ូតូជាប់ផុង, រលត់ម៉ាស៊ីន, ខូចខាតជារៀងរាល់ ថ្ងៃ និងប៉ះពាល់ដល់ការប្រកមមុខរបរ និងការងារដល់មន្ត្រីរាជការដែលតែងធ្វើដំណើរលើផ្លូវនោះថែមទៀត។

អ្នកភូមិដែលប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយសារមិនអាចទ្រាំនឹងអំពើខ្វះការទទួលខុសត្រូវនេះ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ពួកគេធ្លាប់បានធ្វើទំនាក់ទំនងជាមួយរដ្ឋបាលក្នុងមូលដ្ឋានជាច្រើនដង ដើម្បីការជួយដោះស្រាយប្រជាពលរដ្ឋដោយសារខាតបង់ការងារ មិនអាចចេញទៅធ្វើការបានទាន់ពេលវេលា ឬត្រូវខាតបង់ប្រាក់រៀងរាល់ថ្ងៃ ដើម្បីការជួសជុលយានយន្តដោយសារតែការខ្វះភាពទទួលខុសត្រូវរបស់ក្រុមហ៊ុន។

អ្នកភូមិច្រើនសិបនាក់បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាល ដោយបានលើកឡើងពីទុក្ខលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរ ដោយសារផ្លូវត្រូវបានកម្ទេចអស់ស្ទើរទាំងស្រុង ណាមួយខែនេះជាខែភ្លៀងផងនោះ ជាហេតុបណ្ដាលឲ្យផ្លូវខូចខ្ទេចខ្ទី មិនអាចធ្វើដំណើរបានស្រួលឡើយ។

ប្រជាពលរដ្ឋបានស្នើយ៉ាងទទូចសុំឲ្យអាជ្ញាធរហាមឃាត់ក្រុមហ៊ុនដឹកដីខ្សាច់នោះផ្អាកសកម្មភាពមួយរយៈសិន ក្នុងពេលផ្លូវដែលបើកកិនកម្ទេចដោយរថយន្តដឹកខ្សាច់ខ្នាតយក្សនោះ ត្រូវពលរដ្ឋមិនអាចធ្វើដំណើរបាន និងស្នើសុំជួលជុលផ្លូវនោះឲ្យបានល្អប្រសើរសិន មុននឹងក្រុមហ៊ុនបន្តធ្វើអាជីវកម្មរបស់ខ្លួន។

ប្រជាពលរដ្ឋបានស្នើដល់ក្រុមហ៊ុនថែមទៀតថា មិនត្រូវប្រើរថយន្តខ្នាតយក្សដឹកដីខ្សាច់ និងថ្មដែលមានទម្ងន់ធ្ងន់ កិនកម្ទេចលើផ្លូវដែលគ្មានគ្រឹះរឹងមាំនោះឡើយ បើពុំដូច្នោះទេ ផ្លូវដដែលនោះនឹងគ្រាន់តែធ្វើដើម្បីតែបម្រើប្រយោជន៍ឲ្យក្រុមហ៊ុនតែមួយចំហៀងតែប៉ុណ្ណោះ។

ទន្ទឹមនឹងការលើកឡើងនេះដែរ លោក មឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តឱ្យដឹងថា លោកនឹងពិនិត្យលើករណីនេះ ហើយស្នើឲ្យពលរដ្ឋដាក់លិខិតអន្តរាគមន៍ចូលមកមន្ទីរ ដើម្បីលោកនឹងកោះហៅខាងភាគីក្រុមឡាន និងអ្នកពាក់ព័ន្ធមកសាកសួរ និងដើម្បីបញ្ជាឲ្យកសាងផ្លូវឲ្យពលរដ្ឋឡើងវិញ។

ទោះយ៉ាងណា គិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ខាងក្រុមហ៊ុនខ្សាច់ពុំទាន់អាចទាក់ទងបាននៅឡើយទេ។

ដោយទទួលបានសំណើពីប្រជាពលរដ្ឋតាមរយៈភ្នាក់ងារបណ្ដាញព័ត៌មាន Fresh News យ៉ាងដូច្នេះ លោកអភិបាលខេត្ត គង់ សោភ័ណ្ឌ បានសន្យាចំពោះប្រជាពលរដ្ឋថានឹងដោះស្រាយលើករណីឡានដឹកខ្សាច់នេះជូនប្រជាពលរដ្ឋមូលដ្ឋាន៕