(ភ្នំពេញ)៖ ក្តីបារម្ភចំពោះសន្តិភាព និងសន្តិសុខរបស់ពិភពលោក ដោយសារតែការប្រកាន់នយោបាយឯកតោភាគី និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ របស់ប្រទេសមហាអំណាច គឺជាចំណុចស្នូលក្នុងសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងទៅកាន់ថ្នាក់ដឹកនាំសភាអាស៊ី-អឺរ៉ុប ក្នុងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១៣។

សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅរសៀលថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញថ្លែងសុន្ទរកថា បើកកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ពិពីបើកកិច្ចប្រជុំនេះ ធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយមានការថ្លែងសុន្ទរកថាគន្លឹះពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, លោកស្រី ហេឌី អូតតាឡា អនុប្រធានសភាអឺរ៉ុប និងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាផងដែរ។

ក្នុងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នាថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចអំពីបញ្ហាប្រឈមរបស់ពិភពលោក ដែលបណ្តាលមកពីវិបត្តិនៃការរាតត្បាតជំងឺកូវីដ១៩ និងការគំរាមកំហែងចំពោះសន្តិសុខ និងសន្តិភាពពិភពលោក ដោយសារតែនយោបាយឯកតោភាគីនិយម និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយពីសំណាក់ប្រទេសមហាអំណាច ដូចទៅនឹងសុន្ទរកថានៃកិច្ចប្រជុំអន្តរជាតិនានា ដែលបានធ្វើនាពេលកន្លងទៅផងដែរ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងទៅកាន់ថ្នាក់ដឹកនាំសភាអាស៊ី-អឺរ៉ុបថា សន្តិភាព និងសន្តិសុខសកល កំពុងតែស្ថិតនៅក្រោមសម្ពាធ និងកាន់តែពិបាកប៉ាន់ស្មានដោយសារការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ។ សម្តេចតេជោ បន្តថា ខ្សែបន្ទាត់ភូមិសាស្ត្រនយោបាយនានា កំពុងត្រូវបានគូសវាសរួចទៅហើយ និងបានដាក់គំនាបឱ្យរដ្ឋតូចៗជ្រើសរើសរបៀបវារៈនយោបាយមួយ ដែលមិនឆ្លុះបញ្ចាំងអំពីឆន្ទៈ និងផលប្រយោជន៍នៃប្រជាជាតិរបស់ខ្លួន។

ឆ្លើយតបនឹងកង្វល់នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា មានតែភាពជាដៃគូប្រកបដោយភាពជឿទុកចិត្តគ្នានោះទេ ទើបអាចនាំឱ្យពិភពលោកអាចរក្សាបាននូវយន្តការពហុភាគីនិយមមួយ ដែលធានាបាននូវសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពរបស់ពិភពលោក។

សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះ «នៅក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដ៏តានតឹងនេះ មានតែភាពជាដៃគូប្រកបដោយភាពជឿទុកចិត្តគ្នានោះទេ ទើបអាចឱ្យយើងបន្តរក្សាបាននូវយន្តការពហុភាគីនិយមមួយ ដែលនឹងធានាបាននូវសន្តិភាព, ស្ថិរភាព, វឌ្ឍនភាព និងវិបុលភាពរបស់សកលលោក»

សម្តេចតេជោ បានបន្ថែមថា «ក្នុងស្មារតីនេះ យើងទាំងអស់គ្នាចាំបាច់ត្រូវតែបន្តរក្សាឱ្យបាននូវតម្លៃនៃសន្តិភាព ព្រមទាំងបន្តរិះរកជានិច្ចនូវយន្តការចាំបាច់នានា សំដៅសម្រេចឱ្យបាននូវគោលដៅដ៏ឧត្តុង្គឧត្តមនេះ»

សម្តេចតេជោ ក៏បានបង្ហាញនូវការជឿជាក់ថា ស្ថាប័នសភាអាស៊ី-អឺរ៉ុប នឹងដើរតួនាទីដ៏សំខាន់នៅក្នុងការពង្រឹងទំនុកចិត្ត, ការបញ្ចៀសបញ្ហា តាមរយៈការទូតរវាងសភា និងសភា (Parliamentary Preventive Diplomacy) និងសំខាន់បំផុតនោះ គឺការធានាឱ្យបាននូវទំនុកចិត្តបែបយុទ្ធសាស្ត្រ ជាពិសេសលើបញ្ហាសន្តិសុខ និងស្ថិរភាព ដែលកាន់តែមានភាពស្មុគស្មាញ និងចាក់សេះខ្លាំងឡើងនេះ។

សម្តេចតេជោ ហ៊ុន សែន បានមើលឃើញផងដែរថា យន្តការពហុភាគីនិយម នៅតែជាគន្លឹះដ៏សំខាន់មួយសម្រាប់ដោះស្រាយបញ្ហាប្រឈមទាំងឡាយរបស់ពិភពលោក ក៏ដូចជាក្តីបារម្ភចំពោះការបំផ្លាញនូវសន្តិភាព និងសន្តិសុខរបស់ពិភពលោក។

សម្តេចតេជោ បានគូសបញ្ជាក់បែបនេះ «ប្រសិនបើគ្មានយន្តការពហុភាគីនិយមមួយដែលរឹងមាំ នោះយើងក៏ពុំអាចដោះស្រាយបញ្ហាទាំងអស់នេះជារួមបានដែរ»

ក្នុងសុន្ទរកថាគន្លឹះថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការប្តេជ្ញាចិត្តរបស់កម្ពុជា ដើម្បីឆ្លើយតបទៅនឹងបញ្ហាសកលទាំងនេះផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាប្តេជ្ញាប្រកាន់ខ្ជាប់នូវគោលការណ៍នៃការគោរពគ្នា, ការរៀនសូត្រពីគ្នា, ការយោគយល់គ្នា, ការទុកចិត្តគ្នា និងការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីកសាងបាននូវគ្រឹះដ៏ចាំបាច់មួយ សម្រាប់ការអនុវត្តគោលនយោបាយការបរទេសពហុភាគីនិយម។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រកួតប្រជែងឥទ្ធិពលរបស់ប្រទេសមហាអំណាចជាពិសេសរវាងចិន និងអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តនោះ បានបង្កើតឡើងនូវបញ្ហាជាច្រើន ដូចជាសង្គ្រាមពាណិជ្ជកម្ម និងការបង្កើនសកម្មភាពផ្នែកសព្វាវុធ និងអាវុធយុទ្ធភណ្ឌនានាបម្រើដល់ការធ្វើសង្គ្រាមជាដើម។

ការណ៍ទាំងនេះ បានបង្កក្តីបារម្ភជាខ្លាំងសម្រាប់តំបន់ និងពិភពលោក ពីការផ្ទុះឡើងនូវវិបត្តិនានា ក៏ដូចជាលទ្ធភាពផ្ទុះឡើងនៃភ្លើងសង្គ្រាម។

សម្តេចតេជោ ហ៊ុន សែន តែងតែផ្ញើសារបង្ហាញក្តីបារម្ភនូវការកើនឡើងនៃវិបត្តិឆ្លើយតបជាអវិជ្ជមានសម្រាប់ពិភពលោកមួយនេះ ហើយតែងអំពាវនាវឱ្យគ្រប់ប្រទេសលើពិភពលោករួមគ្នាដោះស្រាយបញ្ហា ដើម្បីនាំមកនូវសភាពល្អប្រសើរឡើងវិញនៃភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរបស់ពិភពលោក៕