(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានចែករំលែកទស្សនៈចំនួន៣ចំណុច ដល់មេដឹកនាំអាស៊ី-អឺរ៉ុប ក្នុងពិធីបើកកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP) លើកទី១១។

កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្តើម នៅម៉ោង២៖០០នាទី រសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដែលធ្វើឡើងតាមប្រព័ន្ធនិម្មិត (Virtual Meeting) ក្រោមមូលបទ «ការពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងសម័យ និងក្រោយ វិបត្តិកូវីដ-១៩» ដែលរៀបចំចេញពីវិមានរដ្ឋសភាកម្ពុជា។

កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប Asia-Europe Parliamentary Partnership Meeting ហៅកាត់ថា ASEP គឺជាព្រឹត្តការណ៍ដាច់ដោយឡែកមួយរបស់ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (Asia-Europe Meeting) ហៅកាត់ថា ASEM ដែលរាជរដ្ឋាភិបាលកម្ពុជា នឹងទទួលធ្វើម្ចាស់ផ្ទះ នាថ្ងៃទី២៥ និងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ ដែលកិច្ចប្រជុំកំពូលនេះ នឹងមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ / រដ្ឋាភិបាលនៃប្រទេសចំនួន៥១ នៅទ្វីបអឺរ៉ុបនិងអាស៊ីប្រធានគណៈកម្មការអឺរ៉ុប និងអគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)ផងដែរ។

នៅក្នុងពិធិបើកនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ មានការចូលរួមថ្លែងសុន្ទរកថារបស់ថ្នាក់ដឹកនាំសំខាន់ៗរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជាសហប្រធាន ASEP11 និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13)។

នៅក្នុងកិច្ចប្រជុំនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានមានប្រសាសន៍ថា យើងទាំងអស់គ្នាជាតំណាងឱ្យម្ចាស់ឆ្នោត និងតំណាងឱ្យ៦០%នៃប្រជាជន លើពិភពលោក មានកាតព្វកិច្ចរួមគ្នាពិចារណា និងផ្តល់អនុសាសន៍ ដោយឈរលើគោលការណ៍សហប្រតិបត្តិការ បើកចំហរ គោរពគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួមនៃតំបន់អាស៊ី-អឺរ៉ុប និងសកលលោក។

សម្តេចមានជំនឿជាក់ថា អង្គប្រជុំរបស់យើងនឹងធ្វើការផ្លាស់ប្តូរទស្សនៈគ្នា ដោយប្រកាន់ខ្ជាប់នូវគុណតម្លៃពហុភាគីនិយម ដើម្បីផ្តល់សារស្ថាបនាទៅកាន់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ASEM ដែលនឹងជួបប្រជុំ នៅថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកាខាងមុខ និងដៃគូពាក់ព័ន្ធទាំងអស់អំពីកង្វល់រួមរបស់យើង ឆ្លើយតបទៅនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងនាពេលអនាគត ព្រមទាំងបង្ហាញនូវបំណងប្រាថ្នា និងឆន្ទៈនយោបាយរបស់យើងដើម្បីឈានទៅលុបបំបាត់នូវគ្រោះមហន្តរាយដែលបណ្តាលមកពីជំងឺកូវីដ-១៩ និងដើម្បីស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញឱ្យបានឆាប់រហ័សប្រកបដោយភាពធន់ និងបរិយាប័ន្ន។

ក្នុងបរិការណ៍នេះ សម្តេចសូមចែករំលែកទស្សនៈមួយចំនួនដូចខាងក្រោម៖

ទី១៖ ពាក់ព័ន្ធនឹងការដោះស្រាយការប្រឈមមុខដាក់គ្នា និងភាពតានតឹងនៃការប្រកួតប្រជែង ខាងពាណិជ្ជកម្ម ភូមិសាស្រ្តនយោបាយ និងជម្លោះប្រដាប់អាវុធ ខ្ញុំសូមលើកទឹកចិត្តឱ្យគ្រប់ភាគីទាំង អស់លើកកម្ពស់ការសន្ទនាដោយសន្តិវិធី ឈរលើការគោរពច្បាប់អន្តរជាតិ គោរពអធិបតេយ្យភាព ឯករាជ្យភាព និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា ដើម្បីរកដំណោះស្រាយឈ្នះឈ្នះ ការឯកភាពជាតិ និងការឯកភាពសកល (Global Unity)

ទី២៖ យើងទាំងអស់គ្នា ជាពិសេសប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន អង្គការសុខភាពពិភពលោក (WHO) យន្តការ COVAX និងដៃគូពាក់ព័ន្ធទាំងអស់គួរបង្កើនការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកៀរគរផ្នែកហិរញ្ញវត្ថុ និងវ៉ាក់សាំង ជួយគាំទ្រដល់បណ្តាប្រទេសដែលពុំមានលទ្ធភាព ទិញវ៉ាក់សាំងឬពិបាកក្នុងការបញ្ជារទិញឱ្យបានទាន់ពេលវេលា ដោយមិនប្រកាន់ជាតិសាសន៍ សាសនា និងនិន្នាការនយោបាយ។ ដោយហេតុថាយើងមិនអាចព្យាករណ៍បានពីការវាយលុករបស់កូវីដ-១៩ ថានឹងត្រូវបញ្ចប់នៅពេលណា និងការប្រឈមខាងផ្នែកសេដ្ឋកិច្ចជាបន្តបន្ទាប់នៅពេលខាងមុខ យើង ត្រូវត្រៀមបម្រុងទុកជាមុន នូវយុទ្ធសាស្រ្ត គោលនយោបាយ ដើម្បីប្រយុទ្ធប្រឆាំង ការពារ ទប់ស្កាត់ នូវការរីករាលដាលនៃជំងឺប្រភេទថ្មីៗផ្សេងទៀត និងធានាឱ្យបាននូវនិរន្តភាពសេដ្ឋកិច្ច។

ទី៣៖ យើងត្រូវតែអនុវត្តឡើងវិញនូវគោលការណ៍នៃសកលភាវូបនីយកម្ម ពហុភាគីនិយម និងសេរីភាវូបនីយកម្ម ពាណិជ្ជកម្ម និងការវិនិយោគ ជាជាងការដកខ្លួនថយពីគោលការណ៍ទាំងនេះ យើងត្រូវចូលរួមលើកកម្ពស់ប្រព័ន្ធពាណិជ្ជកម្មផ្អែកលើច្បាប់ និងធ្វើឱ្យកាន់តែប្រសើរឡើងនូវខ្សែច្រវាក់ ផ្គត់ផ្គង់ដែលគ្មានការរំខាន ដើម្បីធានាបាននូវការស្តារឡើងវិញក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយបរិយាប័ន្ន និងចីរភាព។ ជាងនេះទៅទៀត យើងត្រូវចាត់ទុកប្រជាជន គឺជាបេះដូងនៃ ផែនការស្តារឡើងវិញរបស់យើង។ ដូច្នេះហើយ យើងត្រូវផ្តល់ធនធានបន្ថែមទៀតទៅក្នុងការគាំពាសង្គម ដែលនេះមិនមែនជាការចំណាយទៅលើវិបុលភាពរបស់យើងនោះទេ តែផ្ទុយទៅវិញវាគឺជាការវិនិយោគ មួយទៅលើប្រជាជន និងអនាគតរបស់យើង ដោយវាបានជួយបង្កើតសេដ្ឋកិច្ចតំបន់កាន់តែខ្លាំងក្លា។ យើងក៏ត្រូវជួយរៀបចំឱ្យប្រជាជនរបស់យើងអាចសម្របខ្លួនទៅតាមប្រក្រតីភាពគន្លងថ្មីផងដែរ តាមរយៈ ការបណ្តុះបណ្តាលជំនាញថ្មី ការពង្រឹងជំនាញបន្ថែមទៀត ព្រមទាំងតាមរយៈការប្រើប្រាស់នវានុវត្ត បច្ចេកវិទ្យាផងដែរ៕