(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាសហប្រធាន កិច្ចប្រជុំភាពជាដៃគូសភាអាស៉ី-អឺរ៉ុបលើកទី១១ (ASEP11) បានថ្លែងថា សន្តិភាពត្រូវដើរទន្ទឹមនឹងការអភិវឌ្ឍ។ សម្តេច ហេង សំរិន ថ្លែងបែបនេះក្នុងឱកាសបើកកិច្ចប្រជុំភាពជាដៃគូសភាអាស៉ី-អឺរ៉ុបលើកទី១១ តាមប្រព័ន្ធវីដេអូ ពីរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០២១។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ទោះបីជាក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ តំបន់អាស៉ី-អឺរ៉ុប ទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពគួរឱ្យកត់សម្គាល់យ៉ាងនេះក្តី តំបន់ទាំងពីរនៅតែជួបបញ្ហាប្រឈមជាច្រើនដែលបានជះឥទ្ធិពលដោយផ្ទាល់មកលើជីវិត និងក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ។ ជាមួយនឹងផលប៉ះពាល់នៃជំងឺរាតត្បាតសកលកូវីដ-១៩ តំបន់ទាំងពីរទទួលរងនូវផលប៉ះពាល់ពីបញ្ហាប្រឈមធំៗជាច្រើនទៀត រួមមាន បញ្ហាសន្តិសុខ ភេរវកម្ម ការប្រកួតប្រជែងពាណិជ្ជកម្ម និងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ សន្តិសុខនៃធនធានធម្មជាតិ វិសមភាពសង្គម និងយេនឌ័រ ពិសេស ការប្រែប្រួលតុល្យភាពអំណាច ដែលអាចបង្ករឱ្យមានសង្រ្គាមក្នុងរូបភាពណាមួយក៏ថាបាន។

សម្តេច ហេង សំរិន បានបន្តយ៉ាងដូច្នេះថា៖ «យើងត្រូវចងចាំថា សង្រ្គាមអាចនឹងកើតឡើងដោយងាយ និងឆាប់រហ័ស ក៏ប៉ុន្តែវាមិនអាចបញ្ចប់បានដោយងាយស្រួលនោះបានទេ ជាអាទិ៍សង្គ្រាមនៅអាហ្វហ្គានីស្តាន អ៉ីរ៉ាក់ ស៊ីរី តំបន់ទីក្រេ ជាដើម។ ក្នុងនាមជាប្រជាជាតិមួយ ដែលធ្លាប់ឆ្លងកាត់សង្រ្គាម កម្ពុជាសូមចូលរួមសោកស្តាយយ៉ាងខ្លាំង ចំពោះប្រជាជននៃប្រទេសទាំងនោះដែលកំពុងរងទុក្ខវេទនាគ្រប់បែបយ៉ាង ដោយសារសង្រ្គាម និងសូមបួងសួងឱ្យវិបត្តិនិងសោកនាដកម្មដ៏អាក្រក់នេះផុតរលត់ពីភពផែនដី»។

«ជាការពិតណាស់ សន្តិភាពនៅក្នុងប្រទេសមួយ តំបន់មួយ ក៏ដូចជាសកលលោកទាំងមូល គឺជាបុរេលក្ខខណ្ឌចម្បងចាំបាច់បំផុតសម្រាប់ការអភិវឌ្ឍ។ តំបន់មួយមានសន្តិភាពជាកន្លែងមួយដែលមានការអភិវឌ្ឍ។ សន្តិភាពត្រូវដើរទន្ទឹមនឹងការអភិវឌ្ឍ»។ នេះជាការបញ្ជាក់បន្ថែមពីសម្តេចប្រធានរដ្ឋសភា។

ក្នុងន័យនេះ ការជួបជុំគ្នាក្នុងកិច្ចប្រជុំ កិច្ចប្រជុំភាពជាដៃគូសភាអាស៉ី-អឺរ៉ុបលើកទី១១ ក្រោមមូលបទស្តីពី «ការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងសម័យ និងក្រោយវិបត្តិកូវីដ-១៩» ពិតជាមានសារៈសំខាន់និងសមស្របបំផុតទៅនឹងបរិបទបច្ចុប្បន្ន។ ការជួបជុំនេះ មិនត្រឹមតែផ្តល់នូវឱកាសដល់ការពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ព្រមទាំងបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមកប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវកាលានុវត្តភាពដ៏ប្រសើរមួយ ដើម្បីយើងរួមគ្នាស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនិងក្តីកង្វល់រួមរបស់យើង សំដៅលើកកម្ពស់សុខសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

ដូចនេះ សភាត្រូវបន្តលើកកម្ពស់បន្ថែមទៀតនូវវប្បធម៌សន្ទនា និងតម្លៃនៃសន្តិភាព សម្រាប់ដោះស្រាយបញ្ហាទាំងឡាយខាងលើ។ យន្តការ «ការទូតសភា» រួមមាន ការទូតបង្ការជម្លោះ ជាយន្តការគន្លឹះក្នុងការដោះស្រាយបញ្ហាទាំងនេះ។ បន្ថែមពីនេះ ដើម្បីឱ្យសន្តិភាពបានស្ថិតស្ថេរគង់វង្សយូរអង្វែង យើងចាំបាច់ត្រូវលើកកម្ពស់នូវវិបុលភាពរួម យុត្តិធម៌សង្គម អភិបាលកិច្ចល្អ សិទ្ធិមនុស្ស និងគុណតម្លៃ នៃប្រជាធិបតេយ្យ។

បើតាមសម្តេច ហេង សំរិន, ប្រវត្តិដ៏ជូរចត់របស់កម្ពុជា ដែលជិតបីទសវត្សរ៍កន្លងទៅនេះបានឆ្លងកាត់នូវវិបត្តិធ្ងន់ធ្ងរ គឺសង្រ្គាម អំពើប្រល័យពូជសាសន៍ ទណ្ឌកម្មសេដ្ឋកិច្ច គ្រោះទុរភិក្ស និងគ្រោះថ្នាក់ដោយសារមីន ។ល។ និង។ល។ តែក្នុងខណៈនេះ កម្ពុជាកំពុងរីករាយចំពោះសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយរឹងមាំ និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ភាពជោគជ័យដ៏ធំធេងនាពេលនេះ គឺអាស្រ័យដោយមាននយោបាយឈ្នះ-ឈ្នះ និងកិច្ចខិតខំប្រឹងប្រែងផ្សះផ្សារជាតិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ជារួម អ្វីដែលកម្ពុជាទទួលបានទាំងអស់នេះ គឺកើតចេញពីបុរេលក្ខខណ្ឌមិនអាចខ្វះបាន នៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងការរួមចំណែកពីប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ៕