(កោះកុង)៖ ដោយស្ថានភាពអ្នកឆ្លងជំងឺកូវីដ-១៩នៅប្រទេសជិតនៅមានកម្រិតខ្ពស់នៅឡើយនោះ រដ្ឋបាលខេត្តកោះកុងបានដាក់បទបញ្ជាឱ្យសមត្ថកិច្ចដែលប្រចាំការនៅតាមខ្សែបន្ទាត់ព្រំដែនគោក-ទឹក ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការត្រួតពិនិត្យសុខភាពរបស់អ្នកបើកបរ ជំនួយការអ្នកបើកបរ អាជីវករដែលឆ្លងកាត់ព្រំដែន ជាពិសេសចំពោះពលករដែលលួចឆ្លងដែនខុសច្បាប់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

បទបញ្ជានេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំស្តីពីករណីធ្វើតេស្តរហ័សចំពោះអ្នកបើកបរ ជំនួយការបើកបរ និងអាជីវករដែលឆ្លងដែន ដើម្បីផ្លាស់ប្តូរទំនិញជាមួយប្រទេសជិតខាង នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមវត្តមានលោក ទូ សាវុធ អភិបាលរងខេត្តកោះកុង និងមន្ត្រីជំនាញស្ថាប័នដែលពាក់ព័ន្ធ។

លោកអភិបាលរង ទូ សាវុធ បានថ្លែងយ៉ាងដូច្នេះថា «សមត្ថកិច្ចដែលពាក់ព័ន្ធតាមខ្សែបន្ទាត់ព្រំដែនទាំងអស់ ត្រូវកាតព្វកិច្ចប្រុងប្រយ័ត្នឲ្យខ្ពស់បំផុតចំពោះអ្នកបើកបរ ជំនួយការអ្នកបើកបរ និងអាជីវកដែលឆ្លងកាត់ព្រំដែន ជាពិសេសចំពោះពលករដែលលួចឆ្លងដែនខុសច្បាប់»

លោកបានដាក់បញ្ជាឱ្យសមត្ថកិច្ចដែលពាក់ព័ន្ធតាមបន្ទាត់ព្រំដែន ត្រូវបន្តអនុវត្តការធ្វើតេស្តរហ័សចំពោះអ្នកបើកបរ ជំនួយការអ្នកបើកបរ និងអាជីវករដែលឆ្លងកាត់ព្រំដែន ដើម្បីផ្លាស់ប្តូរទំនិញនៅប្រទេសជិតខាងកម្ពុជា នៅរៀងរាល់៧២ម៉ោងម្តង តាមការណែនាំដែលបានដាក់ចេញកន្លងមក រហូតដល់មានការណែនាំថ្មី ដូច្នេះក្រុមការងារដែលមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវតែបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍ណែនាំប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។

លោក ទូ សាវុធ បានលើកឡើងថា កាតព្វកិច្ចពង្រឹងការអនុវត្តបទបញ្ជានេះ គឺដោយស្ថានភាពអ្នកឆ្លងជំងឺកូវីដ-១៩នៅប្រទេសជិតខាងកម្ពុជានាពេលបច្ចុប្បន្ន នៅមានកម្រិតខ្ពស់នៅឡើយ ហើយក៏តាមមតិដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ អនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័កផងដែរ៕