(ភ្នំពេញ)៖ នៅយប់ថ្ងៃទី១១ ខែមេសានេះ គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីជូនដំណឹងមួយ ប្រកាសនឹងរៀបចំ ធ្វើសន្និសីទសារព័ត៌មានមួយ ពាក់ព័ន្ធការចាប់ខ្លួនលោក អ៊ុំ សំអាន តំណាងរាស្ត្រខេត្តសៀមរាប នៅថ្ងៃស្អែកទី១២ វេលាម៉ោង៩ព្រឹក នៅទីស្នាក់ការកណ្តាល គណបក្សសង្គ្រោះជាតិ។

លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅខេត្តសៀមរាប កាលពីម្សិលមិញ បន្ទាប់ពីលោកត្រឡប់ពីអាមេរិក មកដល់ប្រទេសកម្ពុជា។

លោកត្រូវបានចាប់ខ្លួននៅម្តុំផ្សារកណ្តាល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅពេលលោកចុះដកលុយនៅទូរ ATM របស់ធនាគារ។ សមត្ថកិច្ចបានបញ្ជាក់ថា លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួននៅលើទឹកដីខេត្តសៀមរាប ពីបទប្រើប្រាស់ផែនទីក្លែងក្លាយដូចករណី លោក ហុង សុខហួរ ដែរ។

បន្ទាប់ពីចាប់ខ្លួន លោក អ៊ុំ សំអាន ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាកសួរជាមុន នៅនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនរបស់ក្រសួងមហាផ្ទៃ ហើយបន្ទាប់មកទើបញ្ជូនទៅតុលាការ៕

Advertising