*លោកឧត្តមសេនីយ៍ស្នងការខេត្ត រៀបចំពិធីសូត្រមន្តលើករាសី
(បន្ទាយមានជ័យ)៖ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំងនគរបាលជាច្រើននាក់ ចុះទៅបិទខិតប័ណ្ណជាសារអប់រំ ជូនដល់ប្រជាពលរដ្ឋ សម្រាប់ឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិនារយៈពេលប៉ុន្មានថ្ងៃនេះ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា សម្រាប់ខិតប័ណ្ណទាំងនេះ មានន័យ២យ៉ាងទី១ ដាក់រូបជាល្បែងប្រពៃណី ដែលខ្មែរយើងមានតាំងពីបូរាណ ដូចជា ចោលឈូង ទាញព្រ័ត្ត លាក់កន្សែង និងបោះអង្គញ់ជាដើម និងខិតប័ណ្ណមួយទៀត ដោយមានសញ្ញាខ្វែងនោះ គឺរូបភាពនៃសកម្មភាពទាំងឡាយដែលមិនត្រូវនាំគ្នាប្រព្រឹត្តរួមមាន ការប្រណាំងម៉ូតូ បង្ហោះម៉ូតូ លែងល្បែងស៊ីសង និងគប់ទឹក ចោលទឹកដាក់គ្នាដែលនាំឲ្យមានគ្រោះថ្នាក់ ហើយក៏មិនមែនជាល្បែងតាំងពីបូរាណរបស់យើងនោះទេ។

លោកស្នងការខេត្តបន្ទាយមានជ័យ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការចូលរួមទាំងអស់ លើកិច្ចរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នាបុណ្យចូលឆ្នាំប្រពៃណីជាតិ ដើម្បីសប្បាយទាំងអស់ ជាពិសេសនោះពេលបើកបរត្រូវមានការគោរពចរាចរណ៍បានគ្រប់ៗគ្នា ដើម្បីការពារអាយុរបស់យើង។

ជាមួយគ្នានេះ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦នេះ លោកស្នងការ បានដឹកនាំស្នងការរង និងមន្រ្តីនគរបាល រៀបចំពិធីសូត្រមន្តលើករាសី សម្រាប់ឆ្នាំថ្មី ហើយបន់ស្រន់ឲ្យទេវតាឆ្នាំថ្មីជួយថែរក្សាប្រជាពលរដ្ឋខ្មែរទាំងអស់ ហើយសម្រាប់ខេត្តបន្ទាយមានជ័យ មិនត្រូវជួបគ្រោះចង្រៃនោះទេ ហើយបើមានបទល្មើសអ្វីមួយនោះ សូមជួយឲ្យសមត្ថកិច្ចឆាប់រកឃើញជនល្មើស៕