(ភ្នំពេញ)៖ ចៅក្រមអនុវត្តសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដាក់លក់ដោយបង្ខំនូវផ្ទះរបស់ លោក សម រង្ស៉ី ដែលជាអតីតទីស្នាក់ការកណ្តាល នៃអតីតគណបក្សសង្រ្គោះជាតិ ដើម្បីអនុវត្តតាមអំណាចសាលក្រម សាលដីកាស្ថាពរ យកទៅសងសំណងផ្នែករដ្ឋប្បវេណី និងប្រាក់ពិន័យតាមច្បាប់ នេះបើតាម «តាមដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំ» ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។
ការសម្រេចដាក់លក់ដោយបង្ខំផ្ទះលោក សម រង្ស៉ី នៅសង្កាត់ចង្រែ ខណ្ឌមានជ័យខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានសំណើសុំឱ្យអនុវត្តវិធានបង្ខំដោយផ្ទាល់ របស់ភាគីដើមបណ្តឹងរដ្ឋប្បវេណីទាំង៤ និងបណ្តឹងរបស់អយ្យការអមសាលាដំបូងភ្នំពេញចំនួន៤សំណុំរឿងទៀត បន្ទាប់ពីភាគីអ្នកចាញ់ក្តី មិនបានបំពេញកាតព្វកិច្ចសងសំណង តាមសាលក្រម សាលដីកាស្ថាពរ កាលពី៣ឆ្នាំមុន និងសាលក្រមស្ថាពរ ជាបន្តបន្ទាប់ទៀត។
ដើមបណ្តឹងរដ្ឋប្បវេណី រួមមាន៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងមេធាវីតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងសំណុំរឿងបរិហារកេរ្តិ៍ ប្តឹងដោយមេធាវីតំណាងរបស់សម្តេចតេជោ ហ៊ុន សែន, តុលាការបានបង្គាប់ឱ្យ លោក សម រង្ស៉ី សងជំងឺចិត្តចំនួន ៤០០០លានរៀល។ សាលដីកាស្ថាពរសំណុំរឿងនេះចេញដោយតុលាការកំពូលនាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨។
សម្រាប់ក្នុងសំណុំប្តឹងដោយមេធាវីតំណាងរបស់សម្តេច ហេង សំរិន តុលាការបានបង្គាប់ឱ្យ លោក សម រង្ស៉ី សងជំងឺចិត្តចំនួន ៤ពាន់លានរៀល។ សាលដីកាស្ថាពរសំណុំរឿងនេះ ចេញដោយតុលាការកំពូលនាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧។ បន្ថែមពីនេះក្នុងសំណុំរឿងប្តឹងដោយមេធាវីតំណាងសម្តេចក្រឡាហោម ស ខេង, តុលាការបានបង្គាប់ឱ្យ លោក សម រង្ស៉ី សងជំងឺចិត្តចំនួន ២ពាន់លានរៀល។ សាលក្រមស្ថាពរសំណុំរឿងនេះ ចេញដោយសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។
ដោយឡែក ក្នុងសំណុំរឿងប្តឹងដោយមេធាវីតំណាងរាជរដ្ឋាភិបាលកម្ពុជា, តុលាការបានបង្គាប់ឱ្យលោក សម រង្ស៉ី សងជំងឺចិត្តចំនួន ១៨០០លានរៀល។ សាលក្រមស្ថាពរសំណុំរឿងនេះ ចេញដោយសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១។
«តាមដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំ» ទាំង៤ ចេញដោយ លោក អ៉ឹម វណ្ណៈ ចៅក្រមអនុវត្តសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ដូច្នេះថា៖ «យោងលើឯកសារចម្លងយថាភូត នៃលិខិតអនុវត្តដែលមានអានុភាព ដើម្បីអនុវត្តលើបំណុលខាងលើគប្បីតុលាការសម្រេច តាមពាក្យសុំរបស់ម្ចាស់បំណុលនៃការអនុវត្តតាមមាត្រា៣៥០.២.ក នៃក្រមនីតិវិធីរដ្ឋប្បវេណី។ ហេតុដូច្នេះសម្រេច៖
១៖ ចាប់ផ្តើមនីតិវិធីលក់ដោយបង្ខំ,
២៖ រឹបអូសអចលនវត្ថុ មានបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ លេខ ភព០៩៧២៥ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៧ ចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ មានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាកម្មសិទ្ធិរបស់កូនបំណុលនៃការអនុវត្ត ឈ្មោះ សម រង្ស៊ី និងប្រពន្ធឈ្មោះ ជូឡុង សូមួរ៉ា ដើម្បីយកប្រាក់មកទូទាត់បំណុលឱ្យម្ចាស់បំណុលនៃការអនុវត្ត រហូតដល់គ្រប់ចំនួន»។
លោក សម រង្ស៉ី ត្រូវបានប្តឹងដោយ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីលោក សម រង្ស៊ី បានថ្លែងចោទប្រកាន់ថា សម្តេចតេជោ ហ៊ុន សែន បានសូកប៉ាន់ កញ្ញា ធី សុវណ្ណថា ១លានដុល្លារ ដើម្បីវាយប្រហារលើគណបក្សសង្រ្គោះជាតិ។
ទណ្ឌិត សម រង្ស៊ី ក៏ត្រូវបានប្តឹងដោយសម្តេច ហេង សំរិន ផងដែរកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ បន្ទាប់ពីលោកបានបង្ហោះវីដេអូ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅ ដោយចោទរបបរដ្ឋកម្ពុជា ដែលដឹកនាំដោយ សម្តេច ហេង សំរិន តាមរយៈការបំភ្លៃថាបានដាក់ទោស សម្តេច សីហនុ ជាជនក្បត់ជាតិ។
លោកក៏ត្រូវបានប្តឹងដោយក្រុមមេធាវីសម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បន្ទាប់ពីបានបង្ហោះសារលាបពណ៌ បំភ្លៃការពិត អំពីរឿងមរណភាពរបស់ លោក ហុក ឡង់ឌី។ លោក សម រង្ស៉ី បានមួលបង្កាច់ថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកសម្លាប់លោក ហុក ឡង់ឌី ហើយភូតទៀតថាពេលនេះ លោក ឌី វិជ្ជា ដែលជាកូនប្រុសរបស់ លោក ហុក ឡង់ឌី កំពុងរៀបចំផែនការសងសឹក ដោយមានការគាំទ្រពីសម្តេចក្រឡាហោម ស ខេង។
រហូតដល់ពេលនេះ ទណ្ឌិត សម រង្ស៊ី ដែលកំពុងគេចខ្លួនទៅក្រៅប្រទេស មានសំណុំរឿងមិនតិចជាង១០ករណីនោះឡើយ។ ករណីធ្ងន់ធ្ងរជាងគេគឺ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមកាត់ទោសទណ្ឌិត សម រង្ស៉ី ឱ្យជាប់ពន្ធនាគារ ២៥ឆ្នាំ ព្រមទាំងដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះបោះឆ្នោតផងដែរ ក្រោមការចោទប្រកាន់ពីបទ ឧបឃាត តាមមាត្រា២៧ និង៤៥១ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកលជាផែនការនៃការវិលត្រឡប់ចូលប្រទេសកម្ពុជា អំឡុងព្រឹត្តិការណ៍ ៩ វិច្ឆិកា ២០១៩៕