(កំពង់ស្ពឺ)៖​ សម្ដេចក្រឡាហោម ស ខេង នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីទិវាសប្តាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី៩ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ ក្នុងខេត្តកំពង់ស្ពឺ។ ពិធីនេះក៏មានការចូលរួមពីលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំខេត្ត និងបងប្អូនកម្មករ-កម្មការរិនីជាង២៥០០នាក់។

សម្តេចក្រឡាហោម ស ខេង បានរំលឹកថា គ្រោះថ្នាក់ចរាចរណ៍តែងតែកើតឡើងលើបងប្អូន ដែលបើកបរម៉ូតូភាគច្រើន ហើយភាគច្រើនដោយសារតែបងប្អូន មិនគោរពច្បាប់ចរាចរណ៍។ ជាងនេះទៅទៀត សម្ដេចក្រឡាហោម បានសង្កត់ធ្ងន់ថា «អ្នកមានម៉ូតូប្រៀបបានដូចជា កាំភ្លើងមួយដើមអញ្ចឹង គឺរាកៃផ្ទុះគ្រប់ពេល និងសម្លាប់យើងបានដូចគ្នា»

ក្នុងឱកាសនោះដែរ បេឡាជាតិរបបសន្ដិសុខសង្គម នៃក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់មួកសុវត្ថិភាព ដល់អ្នកចូលរួមម្នាក់មួយផងដែរ។

សូមរំលឹកថា គ្រោះថ្នាក់ចរាចរណ៍ចាប់តាំងពីឆ្នាំ២០០៥ មកដល់ឆ្នាំ២០១៥ ត្រូវបានគេដឹងថា មានការកើនឡើងជារៀងរាល់ឆ្នាំ ហើយអ្នកស្លាប់ក្នុងពិភពលោកមួយឆ្នាំ ១,២៤០,០០០នាក់ និងរបួសប្រមាណពី២០លាន ទៅ៥០លាននាក់។ អ្នកជំនាញបានលើកឡើងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជាយើង និងអាចស្លាប់ដល់៣២០០នាក់ នៅឆ្នាំ២០២០ ដែលជាចំនួនគួរឱ្យព្រួយបារម្មណ៍ជាទីបំផុត៕

Advertising