(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានផ្តាំផ្ញើដល់យោធិនចូលនិវត្តជនទាំងអស់ ឱ្យបន្តរក្សាស្មារតីវីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្តីថ្លៃថ្នូរ ជាពលរដ្ឋឆ្នើមរបស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ ព្រមទាំងចូលរួមការពារសន្តិភាព និងការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន

ការគូសបញ្ជាក់បែបនេះ របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាល និងបំពាក់ឋានន្តរសក្តិ ជូនយោធិនចូលនិវត្តន៍ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅសាលានាយទាហានសកម្មនៃកងយោធពលខេមរភូមិន្ទ។

លោកបានគូសបញ្ជាក់ថា ពលិកម្មប្រកបដោយវីរភាពស្មារតីស្នេហាជាតិរបស់យោធិនចូលនិវត្តន៍ នៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ គឺបានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដី ការពារសុខសន្តិភាព និងស្ថិរភាពសង្គម ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិ។

បើយោងតាមព្រះរាជក្រឹត្យ អនុក្រឹត្យ និងប្រកាស ឆ្នាំ២០២១ បានសម្រេចដាក់ឱ្យយោធិនអាជីពទាំង២ភេទ ក្នុងសាលានាយទាហានសកម្ម, វិទ្យាស្ថានទ័ពជើងគោក និងសាលាការពារព្រំដែន ចំណុះអគ្គបញ្ជាការចូលនិវត្តន៍ និងផ្ទេរចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ មានចំនួនសរុប ១២នាក់ និងផ្ដល់ឋានន្តរសក្តិជូនយោធិនចូលនិវត្តន៍ទាំង ១២នាក់ នៅថ្នាក់ឧត្តមសេនីយ៍ត្រី ចំនួន ២រូប, ថ្នាក់រសេនីយ៍ឯកចំនួន៤រូប, ថ្នាក់វរសេនីយ៍ទោ៣រូប, ថ្នាក់វរសេនីយ៍ត្រី១រូប, ថ្នាក់អនុសេនីយ៍ឯក១រូប និងថ្នាក់អនុសេនីយ៍ទោ ១រូប ផងដែរ។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងការដឹងគុណដ៏ជ្រាលជ្រៅចំពោះយោធិនចូលនិវត្តន៍ទាំងអស់ ក្នុងអង្គភាពសាលានាយទាហានសកម្ម, វិទ្យាស្ថានទ័ពជើងគោក និងសាលាការពារព្រំដែន ដែលបានលះបង់ពេលវេលាមានតម្លៃក្នុងជីវិត រួមចំណែកកសាង ការពារ និងអភិវឌ្ឍន៍មាតុភូមិកម្ពុជាកន្លងមក។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តថា ទោះបីពេលនេះអស់លោក លោកស្រី ត្រូវដាក់ឱ្យចូលនិវត្តន៍ និងផ្ទេរចេញពីជួរកងយោធពលខេមរភូមិន្ទក៏ពិតមែនតែរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ នៅតែបន្តយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូន និងក្តីស្រឡាញ់រាប់អានជាអតីតយុទ្ធមិត្ត តាមរយៈការរៀបចំឱ្យមានពិធីជួបជុំ ផ្សារភ្ជាប់មនោសញ្ចេតនានៅតាមអង្គភាព ស្ថាប័ន ដែលខ្លួនធ្លាប់បានបំពេញភារកិច្ច៕