(កោះកុង)៖ រដូវស្រូវទុំបានមកដល់ ដោយប្រជាកសិករខ្វះកម្លាំងច្រូតកាត់ ដឹកជញ្ជូនមកលំនៅដ្ឋាននោះ ដោយមើលឃើញមានភាពលំបាករបស់ប្រជាកសិករ ក្នុងការច្រូតកាត់ និងប្រមូលផល លោក ហាក់ ឡេង អភិបាលស្រុកបូទុមសារគរ បានដឹកនាំមន្ត្រីក្រោមឱវាទចុះជួយច្រូតស្រូវប្រជាកសិករ ស្ថិតនៅឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក ហាក់ ឡេង បានឱ្យដឹងថា «ដោយមើលឃើញប្រជាកសិករយើងមួយចំនួន នៅរដូវច្រូតកាត់ ស្រូវទុំពេញស្រែហើយខ្វះកម្លាំងពលកម្មក្នុងការប្រមូលផលស្រូវយកមកទុកដាក់នៅលំនៅដ្ឋាន លោកបានដឹកនាំមន្ត្រីក្រោមឱវាទចុះជួយច្រូតស្រូវប្រមូលទុកជូនគាត់ដោយសេចក្តីសោមនស្សរីករាយដោយមិនគិតពីការនឿយហត់ឡើយ»។

លោកអភិបាលស្រុក បានបន្តថា ក្នុងនាមជាអាជ្ញាធរបើឃើញប្រជាពលរដ្ឋមានទុកលំបាកពេលណា និងក្រោយពីទទួលព័ត៌មានភ្លាមអាជ្ញាធរ និងចុះជួយដោះស្រាយជូនពួកគាត់ភ្លាមៗ ដើម្បីជាកម្លាំងលើកទឹកចិត្តដល់ប្រជាកសិករហើយ ដោយមិនប្រកាន់ពូជសាសន៍ឬនិន្នាការនយោបាយណាមួយឡើយនេះជាកាតព្វកិច្ចរបស់អាជ្ញាធរ។

លោកបានបញ្ជាក់ថា ទង្វើទាំងនេះ គឺជាកម្លាំងសាមគ្គីមួយដែលយើងចេះជួយគ្នាទៅវិញទៅមកខ្មែរជួយខ្មែរហើយ ក៏ជាសក្ខីភាពមួយដែលធ្វើប្រជាកសិករមានសេចក្តីសោមនស្សរីករាយផងដែរ៕