(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ស្អែកនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ នឹងយាងត្រឡប់មកកាន់មាតុភូមិវិញ ក្រោយពីបញ្ចប់ព្រះរាជបេសកកម្ម នៅប្រទេសបារាំង រយៈពេល៥ថ្ងៃ ពីថ្ងៃទី១០-១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

សូមជំរាបថា កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកាកន្លងទៅ ព្រះមហាក្សត្រ បានយាងចាកចេញពីរាជធានីភ្នំពេញ ហើយឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីចូលរួមមហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កូ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅក្នុងឱកាសយាងចូលរួមមហាសន្និបាតនេះ នៅថ្ងៃទី១២ ខែវិច្ឆិកា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យថ្លែងព្រះរាជសុន្ទរកថា ក្នុងមហាសន្និបាតអង្គការយូណេស្កូ ដោយមានការចូលរួមពីបណ្តាប្រមុខរដ្ឋចំនួនជាង២០ប្រទេស នាទីក្រុងប៉ារីស ប្រទេសបារាំង៕