(ភ្នំពេញ)៖ ក្រុមអ្នកអភិរក្ស នៃក្រសួងបរិស្ថាន និងអង្គការជីវិតស្លាបអន្តរជាតិ អង្គការជីវិតធម្មជាតិនៅកម្ពុជា និងអង្គការ WWT ដែលកំពុងធ្វើការរួមគ្នាក្នុងការការពារ និងអភិរក្សតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងភូមិសាស្ត្រខេត្តតាកែវ បានរកឃើញថាសំបុកសត្វស្លាបទឹកជាច្រើនប្រភេទមានចំនួនកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំ២០២១នេះ។ នេះគឺជាការប្រកាសឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដោយយោងលើលទ្ធផលដែលទទួលបានពីមន្ត្រីអភិរក្ស។

ក្រុមអ្នកអភិរក្សបានរកឃើញថា ការជំរឿនសំបុកសត្វស្លាបជាសកម្មភាពអង្កេតតាមដានថ្មី ដែលត្រូវបានអនុវត្តន៍នៅទីតាំងពងកូននៃសត្វស្លាបទឹកក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងឆ្នាំ២០២០ និង២០២១នេះ។ នៅក្នុងឆ្នាំ ២០២១ នេះ សំបុកសត្វស្លាបទឹកចំនួន០៦ប្រភេទត្រូវបានកត់ត្រាដែលក្នុងនោះរួមមាន៖ សំបុកសត្វចង្កៀលខ្យងចំនួន២៩៣១សម្បុក ក្អែកទឹកតូចចំនួន ២៨៥សំបុក សត្វខ្វែក ១៨០សំបុក សត្វស្មោញ៣២សំបុក ក្រសារប្រផេះ៣០ សំបុក សាធ្នង់២២ សំបុក។ បើប្រៀបធៀបនឹងឆ្នាំ២០២០ កន្លងមក ក្រុមអភិរក្សបានសង្កេតឃើញថា សំបុកសត្វទាំងនេះមានការកើនឡើងគួរឱ្យកត់សម្គាល់ដែលបានបង្ហាញថា បឹងព្រែកល្ពៅ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សត្វស្លាបទឹករស់នៅនិងពងកូន។

បើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការអភិរក្សរវាងមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន និងអង្គការ អង្គការជីវិតស្លាបអន្តរជាតិអង្គការជីវិតធម្មជាតិនៅកម្ពុជា និងអង្គការ WWT។

លោកបានថ្លែងថា កំណើនឡើងនូវប្រភេទ សត្វស្លាបទឹកទាំងនេះ គឺជាដំណឹងដ៏រីករាយបំផុតសម្រាប់រដ្ឋាភិបាល និងសម្រាប់ក្រុមអភិរក្សដែលបានបង្ហាញឱ្យឃើញពីភាពប្រសើរឡើងនៅក្នុងការងារការពារ និងអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ និងប្រសិទ្ធភាពខ្ពស់ក្នុងការអភិរក្ស។

លោក ប៊ូ វរសក្ស នាយកអង្គការ BirdLife in Cambodia បានមានប្រសាសន៍ថា៖ «តំបន់ការពារទេសភាពបឹងព្រែកល្ពៅជាតំបន់ដីសើមដ៏សំខាន់ស្ថិតនៅតំបន់ដីសណ្តទន្លេមេគង្គនៃប្រទេសកម្ពុជា តំបន់នេះគាំទ្រដល់ការរស់នៅរបស់សត្វស្លាបជាច្រើនប្រភេទក្នុងនោះមានសត្វស្លាប់កម្រ និងជិតផុតពូជដូចជា ចាបព្រៃវែង ត្រដក់ធំ និងក្រៀលជាដើម។ បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់តំបន់នេះជាតំបន់អភិរក្សចាប់តាំងពីឆ្នាំ២០០៧មក យើងឃើញថាចំនួនសត្វស្លាបទឹកមួយចំនួនមានការកើនឡើង ជាពិសេសចាប់ពីឆ្នាំ២០២០សត្វស្លាបទឹកជាច្រើនប្រភេទដូចចង្កៀលខ្យង ស្មោញជាដើម បានកាច់សំបុកពងកូននៅតំបន់នេះកាន់តែច្រើនឡើងៗ នេះជាសញ្ញាដ៏ល្អដែលកើតចេញពីកិច្ចសហការប្រឹងប្រែងគ្រប់គ្រងនិងអភិរក្សតំបន់ដីសើមនេះដែលដឹកនាំដោយក្រសួងបរិស្ថាន»

លោកបានបន្តថា ក្នុងនាមអង្គការដៃគូនិងដើម្បីរក្សាទីជម្រកសំខាន់ៗដែលមានក្នុងតំបន់ការពារដីសើមនេះ អង្គការBirdLife ត្រៀមខ្លួនក្នុងការចូលរួមជាមួយក្រសួងបរិស្ថាន និងអាជ្ញាធរខែត្តតាកែវក្នុងការពន្លឿនការកំណត់ និងបែងចែកតំបន់គ្រប់គ្រងតំបន់ការពារទេសភាពនេះ។

រដ្ឋលេខាធិការបានថ្លែងថា កំណើនប្រភេទសត្វនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានធ្វើឱ្យតំបន់នេះកាន់តែមានសារៈសំខាន់ និងមានការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតក្នុងការការពារ និងអភិរក្សតំបន់នេះ។

រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអំពាវនាវប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ ព័ន្ធចូលរួមក្នុងការអភិរក្សតំបន់បឹងព្រែកល្ពៅនេះឱ្យបានគង់វង្ស និងចាត់វិធានការច្បាប់នានាប្រឆាំងនឹងអ្នកដែលទន្ទ្រានកាន់កាប់ដីអភិរក្សខុសច្បាប់ ដើម្បីរក្សាបាននូវទីជម្រក ក៏ដូចជាកន្លែងរកចំណី និងប្រភពទឹកសម្រាប់សត្វរស់នៅជាពិសេស ប្រភេទសត្វស្លាបកម្រៗ។ លោកបានបន្តថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបាននិងកំពុងសិក្សារៀបចំកំណត់តំបន់ និងបោះបង្គោលព្រំតំបន់ការពារធម្មជាតិនៅទូទាំងប្រទេស ក្នុងនោះក៏មានប៊តំបន់ការពារ។

គម្រោងអភិរក្សនិងគ្រប់គ្រងតំបន់ដីសើមបឹងព្រែកល្ពៅ ស្ថិតក្រោមកិច្ចសហការរវាងក្រសួងបរិស្ថាន (ដែលមានមន្ទីរបរិស្ថានខេត្តតាកែវ ជាសេនាធិការ) អង្គការជីវិតស្លាបអន្តរជាតិ អង្គការជីវិតធម្មជាតិនៅកម្ពុជា និងអង្គការ WWT។ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានផ្ទៃដីទំហំ ៨៣០៥ហិកតាស្ថិតនៅក្នុងភូមិសាស្ត្រខេត្តតាកែវ៕