(ភ្នំពេញ)៖ នៅក្នុងដំណើរទៅទស្សនាទីតំាងគេហដ្ឋានផ្ទាល់ របស់យូលីយ៉េតតា-Giulietta នៃរឿងប្រលោមលោកពិភពលោក រ៉ូមេអូ Romeo និងយូលីយ៉េតតា-Giulietta ឬជាភាសាអង់គ្លេសRomeo and Juliet -រ៉ូមីអូ និងជូលីយ៉េត ស្ដីអំពីជម្លោះរវាងគ្រួសារ ម៉ុង់តាហ្គោ (Montague) និងកាប់ពុយឡែត (Capulet) នាឆ្នំា១៥៩៤ នៅទីក្រុងវ៉េរ៉ូណា Verona នៃប្រទេសអ៉ីតាលី លោក រត្ន័ សណ្ដាប់ អ្នកជំនាញអារ្យធម៌ខ្មែរបានកត់សម្គាល់ឃើញថា សព្វថ្ងៃចំពោះរឿងប្រលោមលោកពិភពលោករ៉ូមេអូ និងយូលីយ៉េតតា ដែលអ្នកសិក្សាមិនថាប្រជាជាតិខ្មែរ ឬបណ្ដាប្រជាជាតិនានាលើពិភពលោក បានស្គាល់នឹងដឹងរឿងប្រលោមលោកពិភពលោកដ៏អស្ចារ្យមួយនេះ តាមរយ:ការពិព័ណនាអំពីសេចក្ដីស្នេហា និងសេចក្ដីក្រៀមក្រំបំផុតរវាងតួអង្គទំាងពីរនេះ គឺពេលនេះគេបានឃើញរូបសំណាកសូនពីសំរិទ្ធដ៏ស្រស់ស្អាត របស់យូលីយ៉េតតា Giulietta បានក្លាយជានិមិត្ដរូបនៃសេចក្ដីស្នេហាដ៏បរិសុទ្ធ របស់ជនជាតិស្បែកស ក៏ដូចជាភ្ញៀវទេសចរណ៍ពីគ្រប់ទិសទី ដែលបានមកដល់ទីនេះ។

បានសេចក្ដីថា ចំពោះរូបសំណាកដ៏ស្រស់ស្អាតរបស់យូលីយ៉េតតា បានក្លាយជានិមិត្ដរូបរបស់ក្រុងវ៉េរ៉ូណា Verona សំរាប់សេចក្ដីស្រទ្បាញ់ដ៏បរិសុទ្ធនិងស្រស់បំព្រង ដោយហេតុថាបច្ចុប្បន្នជនជាតិស្បែកស មិនថាប្រុសឬស្រី ក៏ដូចជាភ្ញៀវទេសចរណ៍ទូទាំងពិភពលោក ដែលបានធ្វើដំណើរមកដល់ទីនេះគឺមានជំនឿថា ក្នុងការលើកដៃត្រង់ទ្បើងទៅលើឲ្យខ្ពស់រួចទៅប៉ះសុដន់របស់យូលីយ៉េតតា នឹងនំាមកនូវសំណាងសេចក្ដីស្នេហាដ៏ស្មោះត្រង់ និងបរិសុទ្ធក្នុងជីវិតរបស់ខ្លួន។

សូមបញ្ជាក់ថា ចំពោះរូបសំណាកយូលីយ៉េតតា ដែលយើងបានឃើញនិងអាចប៉ះបាននេះ គឺជារូបសំណាកសូនថ្មីបន្ទាប់ពីរូបសំណាកដើមពិតត្រូវបានអាជ្ញាធរ នៃទីក្រុងនេះ យកទៅរក្សាទុកនៅសារ:មន្ទីរ ដើម្បីការពារកុំឲ្យមានការខូចខាតនិងបាត់ទ្រង់ទ្រាយ។

លោក រត្ន័ សណ្ដាប់ បន្ដថាដូចនេះបើពិនិត្យអំពីប្រពៃណីផ្ទះ ឬទីតំាងរបស់គ្រួសារយូលីយ៉េតតានេះទៀតសោត យើងឃើញទីធ្លាមានភាពស្រស់ស្អាតគួរឲ្យចង់គយគន់ ដែលត្រូវបានជួសជុលឡើងវិញខ្លះ ជាមួយនឹងការប្រើប្រាស់ស្ថាបត្យកម្ម នឹងការតុបតែងប្រកបដោយភាពវៃឆ្លាត យ៉ាងប៉ិនប្រសប់ក្នុងការរក្សារចនាបទពីសម័យដើម។ ការរក្សាស្ថាបត្យកម្មនេះ គឺជាសក្ខីភាពបញ្ជាក់ពីការតស៊ូវណ្ណ:រវាងគ្រួសារទំាងពីរ ជាមួយសំណង់អាគារចាស់ៗសម្រាប់ហាងម្ហូបអាហារក៏ដូចជាអ្នករស់នៅជុំវិញទីក្រុង ដែលមើលទៅហាក់ដូចជាកំពែងឯកជន នៅក្នុងការការពារដូចកាលពីសម័យដើមយ៉ាងដូច្នោះ។

បើក្រទ្បេកមើលផ្ទះយូលីយ៉េតតា មានរូបចម្លាក់ ផ្ទំាងគំនូរបុរាណ គ្រឿង សង្ហារិម និង សំលៀកបំពាក់ ប្រពៃណីអ៉ីតាលីដែលជាប្រធានបទនៃរឿងរបស់គូស្នេហ៍ទំាងពីរ។ បន្ទាប់ពីផ្ទះរបស់យូលីយ៉េតតា មានទីតាំងផ្លូវមួយ គឺជាមជ្ឈមណ្ឌលប្រវត្តិសាស្ត្ររបស់ក្រុងVerona ជាផ្នូររបស់យូលីយ៉េតតាដែលធ្វើពីឥដ្ឋបែបបុរាណ ដែលត្រូវបានគេពិព័ណ៍នារវាងការស្លាប់ Romeo និងGiulietta រ៉ូមេអូ និងយូយ៉េតតា ជាទំនាស់វណ្ណ:និងវណ្ណ: ជាសោកនាដកម្មនៃគូស្នេហ៍។

មកដល់ត្រង់ចំណុចនេះ បើយើងនឹកដល់រឿងរ៉ាវតាំងពីដើមរហូតដល់ស្លាប់របស់រ៉ូមេអូ និងយូលីយ៉េតតា នៅតំបន់អឺរ៉ុបនេះ ធ្វើឲ្យយើងនឹកឃើញទៅដល់សេចក្ដីស្នេហាដ៏បរិសុទ្ធ នៅក្នុងរឿងទុំទាវខ្មែរ ដែលប្រកាន់គំនិតប្រពៃណីនំមិនធំជាងនាឡិ និងរឿងលាំងសានប៉ូនិងជូយីងថៃ (LIANG SHANBO E ZHU YINGTAI ) ដែលបងប្អូនខ្មែរនិងខ្មែរកាត់ចិនទូទៅតែងហៅថា ស័រប៉ិ និងអេងតាយ នៅប្រទេសចិន យ៉ាងដូច្នោះដែរ។ តែអ្វីដែលយើងចាប់អារម្មណ៍នោះគឹ នៅត្រង់ផ្លូវចូលតំបន់នេះគេបានតំាងបង្ហាញតែរូបស័រប៉ិន និង អេងតាយតែប៉ណ្ណោះ តែចំពោះរឿងទុំទាវខ្មែរវិញ គឺមិនមានការតំាងបង្ហាញនោះទេ។

ជាសរុប លោក រត្ន័ សណ្ដាប់ បញ្ជាក់ថា ហេតុនេះចំពោះរឿងរ៉ាវប្រលោមលោកពិភពលោក អូមេអូ និងយូយ៉េតតា មិនត្រឹមតែធ្វើឲ្យទីក្រុងវ៉េរ៉ូណា Verona ជាទឹកដីស្នេហាដ៏បរិសុទ្ធប៉ុណ្ណោះទេ តែក៏ជានិមិត្ដរូបនៃទឹកដីស្នេហាដ៏បរិសុទ្ធរបស់ពិភពលោកផងដែរ ហើយក៏ជាទីក្រុង ដែលពោរពេញទៅដោយវិមានបែបបុរាណដ៏ស្រស់ស្អាត បង្ហាញអំពីភាពរុងរឿងដ៏អស្ចារ្យនៃស្ថាបត្យកម្មរ៉ូម៉ាំង។

ដូច្នេះចំពោះសោកនាដកម្ម រ៉ូមេអូ និងយូលីយ៉េតតា យើងអាចចាត់ទុកថាជារឿងស្នេហាដ៏ក្រៀមក្រំតែស្រស់ស្អាតបំផុត នៅក្នុងប្រលោមលោកពិភពលោក ដែលយុវជនទំាងពីរ មានចិត្តបរិសុទ្ធនឹងសេចក្ដីស្នេហា រហូតដល់ទីបញ្ចប់ជីវិតប្រកបដោយសោកនាដកម្មដ៏ធ្ងន់ធ្ងរធ្វើឲ្យអ្នកអាន អ្នកស្ដាប់ អ្នកមើលស្រក់ទឹកភ្នែក និងការស្វែងយល់ពីរបៀបនៃការរើសអើងវណ្ណ:និងវណ្ណ:ក្នុងសង្គម៕