(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានសម្រេចអនុញ្ញាតឲ្យអ្នកដំណើរទាំងជនជាតិខ្មែរ និងជនជាតិបរទេសទាំងដែលធ្វើដំណើរចូលកម្ពុជា ហើយបានចាក់វ៉ាក់សាំងពេញលេញ (២ដូស) គឺមិនតម្រូវឲ្យធ្វើចត្តាឡីស័កទៀតទេ។ លើកលែងតែអ្នកដែលមិនទាន់ចាក់វ៉ាក់សាំង គឺត្រូវឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃដដែល។

នេះបើតាមសារសំឡេងពិសេសផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធការណែនាំអំពីអ្នកដំណើរចេញចូលកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែវិច្ឆិកានេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារកម្ពុជារបស់យើង គឺបានចាក់វ៉ាក់សាំងពេញលេញ អត្រាគ្របដណ្តប់រហូតដល់ជិត៨៨ភាគរយនៃចំនួនប្រជាជន១៦លាននាក់ ដូច្នេះមិនត្រូវការឲ្យធ្វើចត្តាឡីស័កទៀតទេ លើកលែងតែអ្នកមិនទាន់បានចាក់វ៉ាក់សាំង។ អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃដដែល ប៉ុន្តែសម្រាប់អ្នកបានចាក់វ៉ាក់សាំង២ដូសរួចរាល់ ទាំងជនជាតិខ្មេរ ទាំងជនជាតិបរទេសដែលចូលមកព្រះរាជាណាចក្រកម្ពុជា មិនតម្រូវឲ្យធ្វើចត្តាឡីស័កទៀតទេ»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា សម្រាប់អ្នកដំណើរដែលធ្វើដំណើរតាមផ្លូវអាកាសទាំងភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប, តាមផ្លូវទឹក និងតាមផ្លូវគោកជាដើម ត្រូវធ្វើតេស្តរហ័ស ដែលត្រូវរង់ចាំរយៈពេលត្រឹមតែ១៥នាទីប៉ុណ្ណោះ គឺអាចដឹងលទ្ធផលបាន។

សម្តេចបន្ថែមថា បន្ទាប់ពីទទួលបានលទ្ធផលធ្វើតេស្តអវិជ្ជមានហើយនោះ អ្នកដំណើរចូលកម្ពុជា ទាំងអស់អាចធ្វើដំណើរដោយសេរីទូទាំងប្រទេសកម្ពុជា ដោយមិនកម្រិតតំបន់ ឬខេត្តសម្រាប់ដើរហើយនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា សម្រាប់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងហើយចូលមកកម្ពុជា តម្រូវឲ្យធ្វើតេស្តដោយម៉ាស៉ីន PCR និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃដដែល។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ សូមធ្វើការជាបន្ទាន់នូវការសម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីអាចដំណើរការការសម្រេចនេះ ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ។ សម្រាប់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក បន្ទាប់ពីទទួលបានការសម្រេចថ្មីនេះ សូមឲ្យមានការលើកលែងការធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ការសម្រេចអនុញ្ញាតការមិនតម្រូវធ្វើចត្តាឡីស័ក ចំពោះអ្នកចាក់វ៉ាក់សាំងពេញលេញរួចនេះ គឺត្រូវជាមួយប្រទេសថៃ ឡាវ និងវៀតណាមផងដែរ។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា ការមិនតម្រូវឲ្យធ្វើចត្តាឡីស័កនេះ គឺឆ្លើយតបទៅនឹងបរិបទថ្មី ដែលយើងត្រូវបានដំណើរការសេដ្ឋកិច្ចឡើងវិញ ខណៈប្រជាពលរដ្ឋខ្មែរយើងត្រូវការធ្វើដំណើរចេញចូលប្រទេស ប៉ុន្តែព្រួយបារម្ភអំពីការធ្វើចត្តាឡីស័ក នៅពេលនេះបងប្អូនប្រជាពលរដ្ឋលែងព្រួយបារម្ភ ពីការធ្វើចត្តាឡីស័កទៀតហើយ៕