(ភ្នំពេញ)៖ សូមប្រជាពលរដ្ឋទាំងឡាយ ដែលមានកូនតូចៗ ហើយនាំទៅលេងកំសាន្ត នៅផ្សារស្ទឹងមានជ័យថ្មី ជាន់ក្រោមត្រូវមានការប្រយ័ត្ន ដោយសារតែនៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦នេះ មានក្មេងប្រុសអាយុ៦ឆ្នាំម្នាក់ ត្រូវបានចរន្តភ្លើងឆក់ស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យរុស្ស៊ី។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា នៅរសៀលថ្ងៃនេះស្រ្តីម្នាក់ ជាកម្មការិនីរស់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បាននាំកូនប្រុសសំណព្វចិត្តអាយុ៦ឆ្នាំមក លេងកំសាន្តនៅផ្សារស្ទឹងមានជ័យថ្មី ស្ថិតនៅច្រមុះជ្រូកស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដើម្បីឲ្យសប្បាយ ប៉ុន្តែសប្បាយក្លាយជាទុក្ខ ដោយសារតែ ខណៈកូនប្រុសកំពុងជិះសេះយោលទៅមុខ យោលទៅក្រោយនោះ ស្រាប់តែត្រូវខ្សែភ្លើង ឆក់បាតជើងខាងឆ្វេងបណ្តាលឲ្យសន្លប់ រហូតដាច់ខ្យល់ស្លាប់ពេលបញ្ជូនទៅដល់ មន្ទីរពេទ្យរុស្ស៊ីតែម្តង។ ក្មេងប្រុសរងគ្រោះមានឈ្មោះ ឥន ត្រា អាយុ៦ឆ្នាំ។ ស្រ្តីជាម្តាយបានស្រែកទ្រហោយំ​ ឱបសពកូនប្រុសយ៉ាងខ្លាំង ដែលធ្វើឲ្យមានការភ្ញាក់ផ្អើល ពីសំណាក់ប្រជាពលរដ្ឋជាច្រើននាក់ ចោមរោមមើល និងមានចិត្តអាណិតអាសូរយ៉ាងពន់ពេក៕

Advertising