(ស្ទឹងត្រែង)៖ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន លោក សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុងប្រវែង ៦គីឡូ និង៣០ម៉ែត្រ ទទឹង៥ម៉ែត្រ លូមូលចំនួន១៦កន្លែង លូប្រអប់ចំនួន ២កន្លែង និងស្ពានធំៗចំនួន២កន្លែង (ទី១ស្ពានអូរត្រែលប្រវែង ៩០ម៉ែត្រ និងទី២៖ ស្ពានកាំងតេជោប្រវែង ៣០ម៉ែត្រ) ក្រោមគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍។

បន្ទាប់មកលោក អភិបាលខេត្តបានបន្តពិនិត្យការងារសាងសង់ផ្លូវបេតុងចំនួន១ខ្សែទៀត ប្រវែងសរុប ៣៩៨ម៉ែត្រ ទទឹង៦ម៉ែត្រ និងការងារជួសជុលផ្លូវក្រាលគ្រួសក្រហមប្រវែង ១,០០០ម៉ែត្រ និងទទឹង៦ម៉ែត្រ ជាថវិកាមូលនិធិស្រុក និងឃុំ ផ្លូវខាងលើនេះតភ្ជាប់ពីត្រើយម្ខាងនៃស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គ តាមបណ្តោយទន្លេមេគង្គ ស្ថិតនៅចំណុចភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ឆ្ពោះទៅកាន់ទីរួមស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ក្នុងឱកាសនោះដែរ លោក ស្វាយ សំអ៊ាង និងមន្រ្តីអមដំណើរបានបន្តចុះពិនិត្យករដ្ឋានជួសជុលឡើងវិញ ផ្លូវក្នុងក្រុងស្ទឹងត្រែង ប្រភេទ ផ្លូវកៅស៊ូ DBST សរុបប្រវែង ១,៣៨៨ម៉ែត្រ ស្ថិតក្នុងក្រុងស្ទឹងត្រែង ដែលនឹងកំពុងស្ថាបនា និងត្រៀមដាក់ឱ្យប្រជាពលរដ្ឋ ធ្វើដំណើរងាយស្រួល ព្រមទាំងលើកកម្ពស់នូវសោភ័ណ្ឌភាពក្នុងក្រុងស្ទឹងត្រែងផងដែរ។

លោក ស្វាយ សំអ៊ាង បានបញ្ជាក់ថា សមិទ្ធផលសំខាន់ៗខាងលើនេះ ជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់ជូនដល់ប្រជាពលរដ្ឋ តាមរយៈតាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួលកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋមូលដ្ឋានក្នុងការធ្វើដំណើរ។

បន្ថែមពីនេះ លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះ មានផ្លូវ គឺមានក្តីសង្ឃឹម ហើយការធ្វើផ្លូវទាំងនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើចរាចរណ៍ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបានផ្តល់នូវភាពងាយស្រួលដល់សិស្សាសិស្សបានធ្វើដំណើរងាយស្រួល ទៅមកសាលារៀនផងដែល។

ក្នុងឱកាសនោះលោក ស្វាយ សំអ៊ាង បានណែនាំដល់ក្រុមការងារស្ថាបនាផ្លូវត្រូវខិតខំប្រឹងប្រែងក្នុងការស្ថាបនាឱ្យបានលឿន និងស្របទៅតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដើម្បីធានាដល់ការប្រើប្រាស់ប្រកបដោយគុណភាពខ្ពស់ និងតាមស្តង់ដារ បទដ្ឋាន នឹង សំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវនេះ ត្រូវចេះថែរក្សាដើម្បីឱ្យផ្លូវមួយនេះបានគង់វង្ស និងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរបានយូរអង្វែង៕