(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក រួមជាមួយនឹងមេបញ្ជាការកងទ័ពជើងគោក និងតំណាងមេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេសសមាជិកអាស៊ាន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោក អាស៊ានលើកទី២២ តាមរយៈប្រព័ន្ធ Virtual Conference។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមការដឹកនាំ និងសម្របសម្រួលរបស់កងទ័ពជើងគោក នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ជាប្រធាននៃកិច្ចប្រជុំ និងក្រោមប្រធានបទ «តួនាទីរបស់កងទ័ពជើងគោក នៃបណ្តាប្រទេសអាស៊ាន ក្នុងដំណើរការស្តារឡើងវិញ បន្ទាប់ពីការរាតត្បាតជាសកលនៃជំងឺកូវីដ១៩» នៅទីបញ្ជាការកងទ័ពជើងគោក។

នៅក្នុងកិច្ចប្រជុំនេះ មេបញ្ជាការកងទ័ពជើងគោក និងតំណាងមេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេសសមាជិកអាស៊ាន បានពិភាក្សា និងផ្លាស់ប្តូរចែករំលែកបទពិសោធន៍ទៅវិញទៅមកលើការបំពេញភារកិច្ចចូលរួមចំណែកជាមួយរដ្ឋាភិបាល នៃប្រទេសរៀងៗ នៅក្នុងការងារប្រយុទ្ធនឹងជំងឺកូវីដ១៩ ចាប់តាំងពីដំណាក់កាលនៃការចាប់ផ្តើមរីករាលដាលនៃជំងឺនេះ ហើយបន្តមកដល់ដំណាក់កាលបច្ចុប្បន្ន និងតទៅអនាគតទៀតផងដែរ ជាពិសេសការចូលរួមនៅក្នុងដំណើរការស្តារឡើងវិញលើគ្រប់វិស័យ រួមទាំងផ្នែកសេដ្ឋកិច្ច-សង្គម ស្របពេលដែលបណ្តាប្រទេសមួយចំនួនបាន និងកំពុងរៀបចំដំណើរការបើកប្រទេសឡើងវិញក្នុងបរិបទនៃគន្លងប្រក្រតីភាពថ្មី បន្ទាប់ពីទទួលរងផលប៉ះពាល់ពីការរាតត្បាតក្នុងរយៈពេលជិត០២ឆ្នាំកន្លងមកនេះ។

អង្គប្រជុំក៏បានកត់សម្គាល់ផងដែរអំពីសារៈសំខាន់ និងលក្ខណៈពិសេសនៃប្រតិបត្តិការរបស់កងទ័ព នៅក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ដោយសារកងទ័ពមានឋានានុក្រមដឹកនាំបញ្ជាច្បាស់លាស់, មានផែនការជាក់លាក់ ព្រមទាំងមានកម្លាំង មធ្យោបាយ និងសម្ភារគ្រប់គ្រាន់ បម្រើឱ្យគ្រប់សេចក្តីត្រូវការរបស់ជាតិ និងប្រជាជនក្នុងគ្រប់កាលៈទេសៈ ជាក់ស្តែងគឺការឆ្លើយតបចំពោះបញ្ហាប្រឈមនៃជំងឺកូវីដ១៩ នេះតែម្តង។

ជាទិសដៅទៅមុខ អង្គប្រជុំបានលើកឡើងអំពីភាពចាំបាច់ នៃកិច្ចខិតខំប្រឹងប្រែងរួមរបស់កងទ័ពជើងគោក នៃបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមរួម៖ ជាអាទិ៍ ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលមិនទាន់បានបិទបញ្ចប់ និងដោយមិនដឹងពេលបញ្ចប់ ក៏ដូចជាបញ្ហាប្រឈមផ្នែកសន្តិសុខផ្សេងទៀតទាំងប្រពៃណី និងមិនមែនប្រពៃណី, សំដៅធានាបាននូវសន្តិសុខ, ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។

ជាមួយគ្នានេះ អង្គប្រជុំក៏បានផ្តោតការយកចិត្តទុកដាក់លើការជំរុញសន្ទុះនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីធ្វើយ៉ាងណាឱ្យមានការចាប់ផ្តើមដំណើរការឡើងវិញទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី បន្ទាប់ពីមានការរអាក់រអួលមួយចំនួនដោយសារជំងឺកូវីដ១៩ ជាពិសេសការលើកទឹកចិត្តលើការប្រើប្រាស់យន្តការផ្សេងៗ ដែលមានស្រាប់រវាងកងទ័ព នៃបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីចែករំលែកព័ត៌មាន និងផ្លាស់ប្តូរបទពិសោធន៍បច្ចេកទេស ក៏ដូចជាការជួយគ្នាទៅវិញទៅមកផ្នែកសម្ភារៈ និងបរិក្ខារវេជ្ជសាស្ត្រ នៅពេលដែលប្រទេសណាមួយជួបវិបត្តិធ្ងន់ធ្ងរបង្កឡើងដោយជំងឺរាតត្បាត។

គួរបញ្ជាក់ថា បន្ទាប់ពីមានការរាតត្បាតនៃជំងឺកូវីដ១៩ កិច្ចប្រជុំនេះ គឺជាការជំនួបលើកទី៣ តាមរយៈប្រព័ន្ធ Virtual Conference រវាងមេបញ្ជាការកងទ័ពជើងគោកនៃបណ្តាប្រទេសសមាជិកអាស៊ាន បន្ទាប់ពីជំនួបលើកទី១ ជាជំនួបពិសេសក្នុងខែកញ្ញា ឆ្នាំ២០២០ និងកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន លើកទី២១ ក្នុងខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ៕