(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចឱ្យគណៈកម្មការអន្តរក្រសួងសាងសង់ផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាប ខេត្តសៀមរាប ជួយតភ្ជាប់តំណទឹកភ្លៀង និងតំណទឹកកង្វក់ ពីផ្ទះប្រជាពលរដ្ឋជាង១២០០០តំណ មកកាន់ប្រព័ន្ធលូសាធារណៈរបស់រដ្ឋ ជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

នេះបើយោងតាមការបញ្ជាក់ឱ្យដឹងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីសិក្សានិងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

កិច្ចប្រជុំនេះដែរក៏មានការចូលរួមពីលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង, លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប, លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង, លោក ទៀ សីហា អភិបាលខេត្តសៀមរាប, នាយឧត្តមសេនីយ៍ ខេង សាមេធ អគ្គស្នងការរងនគរបាលជាតិ និងសមាជិក សមាជិកាគណៈកម្មការអន្តរក្រសួង ព្រមទាំងមន្រ្តីតំណាងអង្គភាពពាក់ព័ន្ធផងដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានលេីកឡេីងដូចនេះថា៖ «ខ្ញុំបានសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ភ្លាមៗ ហេីយសម្តេចតេជោ គឺថាឯកភាពភ្លាមៗ ដាក់ជាចំណងដៃថ្មីថែមមួយទៀត ទៅលេីផ្លូវដែលធ្វេីស្អាតហេីយនេះ ចំណងដៃមួយថែមទៀតគឺតភ្ជាប់លូទឹកភ្លៀង លូទឹកស្អុយ ពីផ្ទះ(ផ្ទះប្រជាពលរដ្ឋ) ជាង១ម៉ឺនចំណុច ចូលក្នុងលូសាធារណៈនេះជូនតែម្តង»

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមថា កន្លងមកការធ្វេីតាមលំដាប់លំដោយនោះ គឺតម្រូវឱ្យប្រជាពលរដ្ឋតភ្ជាប់លូទឹកភ្លៀង និងលូទឹកស្អុយនេះរៀងៗខ្លួន ហេីយបេីប្រគល់ឱ្យខាងសាធារណការធ្វេី ត្រូវប៉ាន់ស្មានជាតម្លៃចេញតែម្តង ដេីម្បីឱ្យម្ចាស់ផ្ទះអ្នកចេញលុយទៅតាមទីតាំងជាក់ស្តែងផងដែរ។

ជាមួយគ្នានោះសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មការអន្តរក្រសួង ក្រុមការងារបច្ចេកទេស និងអង្គភាពអនុវត្តគម្រោងដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាបនេះផងដែរ៕