(ភ្នំពេញ)៖ រយៈពេល៩ខែក្រោយ នៃការដោះស្រាយបញ្ចប់តាមគោលនយោបាយឈ្នះឈ្នះ ករណីទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ៣៧គ្រួសារ រស់នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រុមហ៊ុនពុះដីឡូតិ៍លក់របស់លោស្រី​ ជឿន សុវណ្ណារ៉ា និងប្តីឈ្មោះ ហ៊ន ហេង មុខរបរជាយោធារួចមកនោះ ពេលនេះប្រជាពលរដ្ឋខាងលើទទួលបានបណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីរបស់ខ្លួនដោយស្របច្បាប់ដូចបំណងហើយ ។

នៅវេលារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ព្រាប ម៉ាណែល អភិបាលរងខណ្ឌពោធិ៍សែនជ័យ លោក ប្លុង សីហៈ ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌពោធិ៍សែនជ័យ។ ក្រោមការចង្អុលបង្ហាញពីលោកអភិបាលខណ្ឌ ហែម ដារិទ្ធិ បានដឹកនាំក្រុមការងារចុះទៅចែកនូវវិញ្ញាបនបត្រ សម្គាល់ម្ចាស់អលនវត្ថុ ជូនប្រជាពលរដ្ឋខាងលើដល់លំនៅដ្ឋានរបស់ពួកគាត់តែម្ដង ហើយក្រុមការងារក៏ទទួលបានការសាទរ និងអរគុណពីប្រជាពលរដ្ឋផងដែរ។

សូមរម្លឹកថា ប្រជាពលរដ្ឋចំនួន៣៧គ្រួសារ បានទៅទិញដីឡូតិ៍ពីក្រុមហ៊ុនពុះដីឡូតិ៍របស់លោស្រី ជឿន សុវណ្ណារ៉ា និងប្តី ឈ្មោះ ហ៊ន ហេង មុខរបរជាយោធានោះតាំងពីអំឡុងឆ្នាំ២០១៤ មកម្ល៉េះ។ ប៉ុន្តែក្រោយពេលទិញរួចបែរជាមិនអាចក្លាយជាម្ចាស់ដីស្របច្បាប់សោះ ដោយប្រជាពលរដ្ឋបានអះអាងថា ម្ចាស់ក្រុមហ៊ុនដីឡូតិ៍ទាំង២នាក់ប្ដីប្រពន្ធនោះ
បានបិទផ្លូវ មិនឲ្យពួកគាត់ធ្វើដំណើរ, ផ្ដាច់ទឹកមិនឲ្យប្រើនិងលក់ដូរផ្ទេរសិទ្ធិលើដីដែលបានទិញរួចហើយពុំបាន ។ទាល់តែបង់ប្រាក់ឲ្យក្រុមហ៊នចំនួន ១៨,០០០ដុល្លារ ទើបអាចមានសិទ្ធិប្រើប្រាស់ផ្លូវ ប្រើទឹកភ្លើង ឬលក់ដូរផ្ទេរកម្មសិទ្ធិដីរបស់ខ្លួនបាន ព្រមទាំងបានចោទថាពួកគាត់ទាំង ៣៧គ្រួសារ គឺខ្ចីដីក្រុមហ៊ុនធ្វើផ្ទះនៅទៅវិញ។

ប្រភពដដែលបានបន្តថា ដោយសារតែបែបនេះទើបនៅអំឡុងឆ្នាំ២០១៩ ប្រជាពលរដ្ឋនាំគ្នាតវ៉ាហើយការតវ៉ានោះមានរយៈពេលជាង១ឆ្នាំ រហូតមកដល់វេលាល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ទើបត្រូវបានលោក ព្រាប ម៉ាណែល អភិបាលរងខណ្ឌពោធិ៍សែនជ័យ ដឹកនាំក្រុមការងារចុះទៅដោះស្រាយបញ្ចប់ទាំងស្រុង។ ដំណោះស្រាយនៅពេលនោះប្រជាពលរដ្ឋទាំង៣៧គ្រួសារសុខចិត្តរៃលុយគ្នាបានចំនួន៧,៥០០ដុល្លារ បង់ទៅឲ្យម្ចាស់ក្រុមហ៊ុនពុះដីឡូតិ៍នោះ ហើយក្រុមហ៊ុននោះបានយល់ព្រមប្រគល់ផ្លូវទទឹងប្រវែង ជាង៤ម៉ែត្រកន្លះ និងបណ្ដោយ១៤ម៉ែត្រ មកឲ្យប្រជាពលរដ្ឋ បានធ្វើដំណើរនិងដកបម្រាមសិទ្ធិក្នុងការប្រើប្រាស់ដីធ្លីទឹកភ្លើងឡើងវិញ។

ដោយឡែកអាជ្ញាធរបានសន្យាធ្វើបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ហើយក្រោយពេលបញ្ចប់វិវាទរហូតមកដល់ពេលនេះមានរយៈពេល៩ខែហើយ ដែលអាជ្ញាធរធ្វើបណ្ណកម្មសិទ្ធិហើយរួចរាល់ជាស្ថាពរ និងបាននាំយកទៅចែកជូនប្រជាពលរដ្ឋដល់លំនៅដ្ឋានតែម្ដង ដើម្បីឲ្យពួកគាត់បានប្រើប្រាស់ស្របច្បាប់ទៅថ្ងៃអនាគត៕