(ស្វាយរៀង)៖ យ៉ាងហោចណាស់កម្មករ កម្មការិនី ២០នាក់រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកហុីយ៉ាន់ដាយ ប្រភេទក្រឡុកបេតុង បុករថយន្តម៉ាកសាំងយ៉ុងដឹកកម្មករស្របទិសគ្នាពេញទំហឹង។ ហេតុការណ៍នេះ បានកើតឡើងនៅព្រលប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ១ ចន្លោះគឺឡូម៉ែតលេខ១៥៣ ស្ថិតក្នុងភូមិព្រៃទប់ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។

មន្ដ្រីនគរបាលក្រុងបាវិត បានឲ្យដឹងថា ក្នុងចំណោមកម្មកររងរបួស២០នាក់នេះ មានកម្មករម្នាក់រងរបួសធ្ងន់ ឈ្មោះ ឃួន នាម អាយុ៣២ឆ្នាំ រស់នៅភូមិល្បែ ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ចំណែកអ្នកបើករថយន្តប្រភេទប្រឡុកបេតុងបង្កហេតុ មិនត្រូវបានស្គាល់ឈ្មោះនោះទេ ព្រោះបានរត់គេចខ្លួនបន្សល់តែរថយន្តម៉ាកហុីយ៉ាន់ដាយប្រភេទប្រឡុកបេតុង ពណ៌ស ពាក់ផ្លាកលេខស្វាយរៀង5A-0035។ រីឯអ្នកបើករថយន្តសាំងយ៉ុងដឹកកម្មករមិនត្រូវបានស្គាល់ឈ្មោះដូចគ្នា ព្រោះក្រោយកើតហេតុបានរត់គេចខ្លួនភ្លាមៗ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដោយសារតែ រថយន្តម៉ាកហុីយ៉ាន់ដាយ ប្រភេទក្រឡុកបេតុងបើកបរល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នទើបមានគ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងបែបនេះ។ រីឯវត្ថុតាងរថយន្តទាំង២គ្រឿង សមត្ថកិច្ចវាស់វែង និងអូសយកទៅរក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបញ្ជួនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមច្បាប់៕