(ភ្នំពេញ)៖ បន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មលើមន្ត្រីយោធាជាន់ខ្ពស់កម្ពុជាពីររូប អ្នកនាំពាក្យក្រសួងការបរទេសចិន បានចេញមកប្រកាសភ្លាមៗថា ប្រទេសចិនប្រឆាំងនឹងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់សហរដ្ឋអាមេរិក លើកម្ពុជា និងប្រទេសផ្សេងៗទៀត។

យោងតាមសារព័ត៌មានរដ្ឋចិន huanqiu បានលើកឡើងថា ក្នុងសន្និសីទកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ លោក Wang Wen bin អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់ថា៖ ប្រទេសចិនតែងតែប្រឆាំងនឹងការដាក់ ទណ្ឌកម្មឯកតោភាគីរបស់សហរដ្ឋអាមេរិក និងអ្វីដែលហៅថាអំណាចយុត្តាធិការហួសព្រំដែនរបស់សហរដ្ឋអាមេរិក។ ប្រទេសចិនក៏ប្រឆាំងនឹងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងៗរបស់សហរដ្ឋអាមេរិកផងដែរ។

លោក Wang Wen bin បានមានប្រសាសន៍ទៀតថា ក្នុងនាមជាប្រទេសជិតខាងដែលមានមិត្តភាពជាប្រពៃណីល្អ ប្រទេសចិននិងកម្ពុជា តែងតែសហការយ៉ាងសកម្មលើគ្រប់វិស័យទាំងអស់ ដោយប្រទេសទាំង២ បានប្រកាន់ យកនូវគោលគំនិតនៃការបើកចំហ បៃតង និងភាពស្អាតស្អំ ដើម្បីរួមគ្នាកសាងហេដ្ឋារចនាសម្ព័ន្ធនៃគោលនយោបាយ «ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ» ប្រកបដោយគុណភាពខ្ពស់ ដែលមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រជាជនទាំងពីរ ក៏បានរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ។

លោកបញ្ជាក់ទៀតថា កិច្ចសហប្រតិបត្តិការស្មើភាពនិងផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសចិននិងកម្ពុជា គឺមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកពីកម្លាំងខាងក្រៅឡើយ។

ប្រតិកម្មរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើឡើងបន្ទាប់ពីក្រសួងរតនាគារសហរដ្ឋអាមេរិក និងក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ បានដាក់ទណ្ឌកម្មដោយ ឯកតោភាគីលើ នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស និងនាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក ដោយចោទថា ពាក់ព័ន្ធនឹងអំពើពុករលួយក្នុងការអភិវឌ្ឍ តំបន់កងទ័ពជើងទឹករាម ខេត្តព្រះសីហនុ ហើយថា ជាការអនុវត្តច្បាប់ Global Magnitsky។

ទណ្ឌកម្ម រួមមានទាំងការមិនអនុញាតឲ្យ ឧត្តមសេនីយ៍កម្ពុជាទាំងពីររួ មទាំងក្រុមគ្រួសារសាច់ញាតិ ទទួលបានទិដ្ឋការចូលទៅកាន់សហរដ្ឋអាមរិកហើយ ទ្រព្យសម្បត្តិដែលមាននៅក្នុងសហរដ្ឋអាមេរិក ឬគ្រប់គ្រងដោយបុគ្គល ទាំងពីររូបនេះ នៅសហរដ្ឋអាមេរិកនឹងត្រូវបង្កក និងត្រូវរាយការណ៍ជូនមកការិយាល័យ គ្រប់គ្រងអចលនទ្រព្យបរទេសនៃក្រសួងរតនាគារសហរដ្ឋអាមរិកផងដែរ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ បដិសេធយ៉ាងដាច់អហង្ការចំពោះការទណ្ឌកម្មរបស់អាមេរិកនេះ ដែលធ្វើឡើងដោយហេតុផលភូមិសាស្ត្រនយោបាយ។

ក្រសួងការបរទេសកម្ពុជា បានចាត់ទុកថា យុទ្ធនាការលាបពណ៌ និងការដាក់ទណ្ឌកម្មជាឯកតោភាគីរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងបុគ្គលសាធារណៈនៃរដ្ឋអធិបតេយ្យមួយ មិនត្រឹមតែបំពានលើច្បាប់អន្តរជាតិ និងបទដ្ឋានមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែបានបង្ហាញពីការមាក់ងាយទាំងស្រុងដល់ឯករាជ្យភាពនិងជាការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងទៀតផងដែរ។

ដោយឡែកក្រសួងការពារជាតិ បានចាត់ទុកទង្វើនេះថា ជាទង្វើអមិត្ត ជាកាយវិការខ្វះវិចារណញ្ញាណ និងមានលក្ខណៈជាការបង្ករឿងឥតឈប់ឈរ៕