(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញលទ្ធផលអំពីប្រតិបត្តិការតាមចាប់ខ្លួនទណ្ឌិតដែលបានរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង កាលពីវេលាម៉ោងជាង៣ទៀបភ្លឺ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។

តាមសាររបស់សម្តេចក្រឡាហោម ស ខេង គឺរហូូតមកដល់ពេលនេះ មានទណ្ឌិត៥នាក់ហើយ ក្នុងចំណោម៧នាក់ ត្រូវបានសមត្ថកិច្ចបានចាប់ខ្លួនមកវិញ។ ជនជាប់ឃុំដែលសមត្ថកិច្ចចាប់បានមកវិញនោះគឺមានជនជាតិឡាវចំនួន ២នាក់ និងជនជាតិ ខ្មែរចំនួន ៣នាក់ ដែលមានឈ្មោះដូចខាងក្រោម៖

១៖ ឈ្មោះ ទូច វ៉ាត់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានបទល្មើសសមគំនិតក្នុងអំពើជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងមានកម្រិតទោស៣០ឆ្នាំ ។

២៖ ឈ្មោះ វ៉ា ភូ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានបទល្មើស ជួញដូរដោយ ខុសច្បាប់នូវសារធាតុញៀន និងមានកម្រិតទោស២០ឆ្នាំ ។

៣៖ ឈ្មោះ គិត ងិន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិឡាវ មានបទល្មើស ប៉ុនប៉ងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងមានកម្រិតទោស ០៤ឆ្នាំ ។៤.ឈ្មោះ ចាក លី ប៊ីតាលី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិឡាវ មានបទល្មើស ជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀន ក៏វិតទោស អស់មួយជីវិត ។

៥៖ ឈ្មោះ មាន វិមាន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានបទល្មើស លួចមានស្ថានទម្ងន់ ទោសដោយសារការ ប្រើទារុណកម្ម និងមានកំរឹតទោស២៧ឆ្នាំ ។

រីឯទណ្ឌិត២នាក់ជាជនជាតិឡាវដែលមានបទល្មើសគ្រឿងញៀន គឺសមត្ថកិច្ចកំពុងតែស្វែងរកចាប់ខ្លួនមកវិញដែរ។ ជាមួយគ្នានេះ សម្តេចក៏បានចាត់ចែងធ្វើអធិការកិច្ចប្រកបដោយការទទួលខុសត្រូវចំពោះបញ្ហាដែលបានកើតឡើង គឺធ្វើឱ្យជនជាប់ឃុំរត់រួចពីពន្ធនាគារ ដែលពេលនេះក្រុមការងារកំពុងតែធ្វើកិច្ចការនេះ ។

សម្តេចបញ្ជាក់ថា៖ «អ្វីដែលខ្ញុំចង់បញ្ជាក់នៅពេលនេះគឺលទ្ធផលប្រតិបត្តិការនេះពិតជាកើតឡើងបានដោយសារតែមានការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋយើង ដែលបានជួយស្រាវជ្រាវ និងរាយការណ៍ជូនសមត្ថកិច្ចឈានទៅដល់ការចាប់បានមកវិញនូវទណ្ឌិតដែលសុទ្ធជាឧក្រិដ្ឋជនគ្រឿងញៀនទាំងនេះ ។ លទ្ធផលនេះបានបង្ហាញថាគ្រប់សកម្មភាពសង្គមអាចសម្រេចបានដោយសារតែមានការចូលរួមរបស់ប្រជាពលរដ្ឋ ហើយវាជាមោទនភាពដែលលទ្ធផលនេះបានបង្ហាញថា បងប្អូនប្រជាពលរដ្ឋយើងពិតជាមានការយល់ដឹងនិងចូលរួមក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក៏ដូចជាការថែរក្សាសន្តិសុខ សុវត្ថិភាពសង្គមផងដែរ»

សម្តេចបានសម្តែងនូវការកោតសរសើរ ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលបានខ្នះខ្នែងធ្វើកិច្ចប្រតិបត្តិការប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមក្នុងប្រតិបត្តិការនេះហើយសង្ឃឹមថាការចាប់ខ្លួនទណ្ឌិត២នាក់ទៀត នឹងសម្រេចបាននាពេលឆាប់ៗខាងមុខនេះ ។

ក្នុងឱកាសនេះ សម្តេចក៏សូមអំពាវនាវផងដែរដល់ជនរួមជាតិ គ្រប់មជ្ឈដ្ឋានសូមបន្តគាំទ្រ និងចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក៏ដូចជាការគាំទ្រ និងចូលរួមបន្តអនុវត្តតាម ពាក្យស្លោកជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ៣កុំ ១រាយការណ៍ ទាំងអស់គ្នា ដើម្បីសុវត្ថិភាព និងភាពសុខសាន្តក្នុងសង្គមជាតិ៕