(កណ្ដាល)៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកណ្ដាលដឹកនាំដោយលោកណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល នាំក្រុមការងារចុះផ្អាកការដ្ឋានជីកដីចំនួន២កន្លែង ដោយពិន័យតាមច្បាប់អន្តរការ និងតម្រូវឲ្យទៅបង់សួយសារ៉ែឲ្យបានជាដាច់ខាត ក្រោយរកឃើញថាការដ្ឋានជីកដីទាំង២នេះ ជីកលើសអាជ្ញាប័ណ្ណ និងធ្វើសកម្មភាពខុសបច្ចេកទេសច្បាប់កំណត់ ហើយថែមទាំងបង្ករភាពអនាធិបតេយ្យជាច្រើនផ្សេងទៀត ដែលមានទីតាំងទី១ស្ថិតនៅភូមិភូមិចេក ឃុំរកា និងទីតាំងទី២ ស្ថិតនៅ ភូមិអង្គខ្លើ ឃុំត្បែង ស្រុកកណ្តាលស្ទឹង។

លោកណុប ដារ៉ា បានបញ្ជាក់ឲ្យដឹងថា ការដឹកនាំកម្លាំងចុះមកពិនិត្យនេះ ដើម្បីពិនិត្យមើល និងស្រាវជ្រាវរកការដ្ឋានជីកដីណាមួយដែលមិនមានច្បាប់អនុញ្ញាត្ត មិនគោរពតាមគោលការណ៍ច្បាប់រ៉ែ និងច្បាប់ចរាចរណ៍ ព្រមទាំងសិក្សាមើលនិងពិនិត្យលើការបង់សួយសារជូនរដ្ឋជាដើម។

លោកអភិបាលរងខេត្ត បន្តថា បើសិនជារកឃើញថា ការដ្ឋានជីកដីណាមួយមិនមានច្បាប់ទេនោះ លោកនឹងផ្អាកអាជីវកម្មបណ្ដោះអាសន្ន, ពិន័យតាមច្បាប់អន្តរការ និងស្នើរឲ្យទៅសុំច្បាប់ឲ្យបានត្រឹមត្រូវ ។

លោកអភិបាលរង បានព្រមានដល់ម្ចាស់អាជីវកម្មរ៉ែទាំងអស់ទូទាំងខេត្តកណ្ដាលថា ចាំបាច់ត្រូវគោរពតាមច្បាប់ឲ្យបានដាច់ខាត បើមិនគោរពទេ អាជ្ញាធរនឹងប្រើធម៌ ក្ដៅមិនខានឡើយ មិនគិតខ្សែរខាងណានោះទេ។ ហើយទីតាំងណាដែលដឹងខ្លួនថាបានប្រព្រឹត្តិកំហុស សូមរួសរាន់ដើរឲ្យត្រូវច្បាប់ឡើងវិញ។

នាក្នុងឱកាសនោះ លោកក៏បានណែនាំ និងលើកទឹកចិត្តម្ចាស់អាជីវកម្ម បន្ថែមទៀតថា អោយប្រកបរបរអោយបានត្រឹមត្រូវមានច្បាប់អនុញ្ញាត និងគោរពតាមបទដ្ឋានបច្ចេកទេស។ ចំពោះអាជីវកម្ម ២កន្លែងនេះ គណៈកម្មការនឹងអនុវត្តតាមនីតិវិធីដោយធ្វើការពិន័យ និងអោយបង់សួយសាររ៉ែ ចូលរដ្ឋឡើងវិញអោយបានត្រឹមត្រូវ។

សូមជម្រាបថា ទីតាំងចំនួន៥ រណ្ដៅហើយដែលលោកណុប ដារ៉ា បានរកឃើញថាមិនមានភាពប្រក្រតី ហើយ៣រណ្ដៅដីដែលចុះផ្អាក និងបិទ កាលពីថ្ងៃទី១០ ខែវិច្ឆិកា កន្លងទៅ ត្រូវបានគេវាយតម្លៃឃើញថាត្រូវកំណត់ឲ្យម្ចាស់ទីតាំងបង់ សួយសារចូលរដ្ឋ ប្រមាណជាជាង ៧០ម៉ឺន ដុល្លាអាម៉េរិកឯណោះ ។ ហើយ២ទីតាំងដែលទើបនឹងផ្អាកនេះ គណ:កម្មការពុំទាន់វាយតម្លៃដឹងភ្លាមៗនៅឡើយទេ រង់ចាំគុណបូកទឹកលុយនៅពេលក្រោយ។

គួរជម្រាបជូនថា សកម្មភាពនៃការជីកដីកាយដី កាយយកខ្សាច់ នៅភូមិស្រុកកណ្ដាលស្ទឹង មានចំនួនលើសពី៥០រណ្ដៅ បាននិងកំពុងមឮធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេង ខណ:ដែលសេចក្ដីរាយការណ៍ពីមូលដ្ឋានបានអះអាងថា ការដ្ឋានមួយចំនួនគ្មានច្បាប់អនុញ្ញាត្ត ជីកលើសអាជ្ញាប័ណ្ណ បំពានច្បាប់ មិនបង់សួយសារជូនរដ្ឋជាដើម ពិសេសគឺការដឹកកម្ទេចផ្លូវហាក់គ្មាននរណាអើពើដោះស្រាយសោះឡើយ ប៉ុន្តែគង់តែបានលោកអភិបាលរងខេត្តកណ្ដាល មកតាមដានទើបលេចធ្លាយការល្មើសនេះ ខណ:ដែលគេប៉ាន់ប្រម៉ាណថា ថវិការរាប់លានដុល្លានឹងត្រូវបង់ចូលរដ្ឋបើសិនជាគេធ្វើការនេះបានយ៉ាងសុក្រិត៕