(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា បានថ្លែងថា កាកបាទក្រហមមិនបោះបង់បងប្អូនព្រោះតែនិន្នាការនយោបាយឡើយ ផ្ទុយទៅវិញកាកបាទក្រហមកម្ពុជា តែងតែនៅជាប់ជាមួយបងប្អូន ទោះស្ថិតនៅដាច់ស្រយាលចុងកាត់មាត់ញកក៏ដោយ។

ការលើកឡើងបែបនេះ គ្រាដែលលោកអភិបាលខេត្ត ដឹកនាំក្រុមការងារចុះជួប និងសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋក្រីក្រ២៥គ្រួសារ ដែលរស់នៅក្នុងភូមិជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក វ៉ី សំណាង បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ទទួលបានការយកចិត្តទុកដាក់ និងដោះស្រាយគ្រប់បញ្ហា ដែលពលរដ្ឋជួបប្រទះ។

លោកអភិបាលខេត្ត បានបន្តថា ក្នុងនោះបញ្ហាកង្វះខាតក្នុងជីវភាព ខ្វះទីជម្រក និងរងគ្រោះ ក្នុងឧបទ្ទវហេតុផ្សេងៗ កាកបាទក្រហមតែងតែឈានមុខគេ ក្នុងការដោះស្រាយកង្វល់ទាំងនេះ។ លោកក៏បានបញ្ជាក់ថា មួយវិញទៀត នៅរាល់វត្តមានកាកបាទក្រហមកម្ពុជា ក្នុងការដោះស្រាយក៏ពុំដែលបានគិតគូដល់និន្នាការនយោបាយ ពណ៌សម្បុរឡើយ។

នាឱកាសនោះ ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរូបនេះ បានបញ្ជាក់ថា ថ្វីត្បិតរាល់ការគិតគូរបស់កាកបាទក្រហមកម្ពុជា សម្រាប់បងប្អូនប្រជាពលរដ្ឋមិនបានសមទៅតាមបំណង និងមិនបានលើសលប់ តែបានផ្តល់នូវការរស់នៅសមរម្យ និងដោះទ័លបានមួយរយៈពេលខ្លី ដើម្បីទុកឱកាសឱ្យបងប្អូនបានចេញទៅប្រកបរបររកស៊ីផ្សេងៗ មកបំពេញបន្ថែមនូវរាល់កង្វះខាតចំពោះមុខបានផងដែរ៕