(ភ្នំពេញ)៖ សង្កាត់ចំនួន៦ ក្នុងចំណោមសង្កាត់ទាំង៧ នៃរដ្ឋបាលខណ្ឌឫស្សីកែវ និងមានលទ្ធភាពក្នុងការស្ដារ ជួសជុល និងកែលម្អរហេដ្ឋារចនាសម្ព័ន្ធនានា ឱ្យមានសោភ័ណ្ឌភាពឡើងវិញ ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធានាឲ្យមានតម្លាភាពលើការចំណាយថវិកាថ្នាក់ក្រោមជាតិ។

នេះបើតាមលោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ តំណាងលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ ដែលបានអញ្ជើញចូលរួមជាអធិបតីជាមួយលោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌ, លោក គឹម ច័ន្ទឌីណា ប្រធានមន្ទីរផែនការរាជធានីភ្នំពេញ និងសមាជិក សមាជិកា សរុប៥៩នាក់ នៅក្នុងពិធីដាក់ឱ្យក្រុមហ៊ុនចំនួន៤ ដេញថ្លៃតាមនិតិវិធី នៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២១ ស្ថិតនៅសាលប្រជុំ A សាលាខណ្ឌឫស្សីកែវ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

សូមជម្រាបថា ការដាក់ឱ្យដេញថ្លៃតាមនិតិវិធី នៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២១នេះ មានចំនួន៦សង្កាត់ ក្នុងចំណោម៧សង្កាត់ នៃរដ្ឋបាលខណ្ឌឫស្សីកែវ ដែលមានក្រុមហ៊ុនចំនួន៤ ជាលទ្ធផលរួមមាន៖
*សង្កាត់ស្វាយប៉ាក៖ ក្រុមហ៊ុន អ៊ុយ សុភាព ដេញថ្លៃបានក្នុងគម្រោងទឹកប្រាក់ ៤៦,០៥៩,០០០រៀល
*សង្កាត់ច្រាំងចំរេះទី១៖ ក្រុមហ៊ុន សំ ស៊ីវន ដេញថ្លៃបានក្នងគម្រោងទឹកប្រាក់ ៥៣,៤៩៦,៨០០រៀល
*សង្កាត់គីឡូម៉ែត្រលេខ៦៖ ក្រុមហ៊ុន សំ ស៊ីវន ដេញថ្លៃបានក្នងគម្រោងទឹកប្រាក់ ៥៣,៧៩៩,០០០រៀល
*សង្កាត់ឫស្សីកែវ៖ ៖ ក្រុមហ៊ុន សំ ស៊ីវន ដេញថ្លៃបានក្នងគម្រោងទឹកប្រាក់ ៧៦,៩៨៥,០០០រៀល
*សង្កាត់ទួលសង្កែទី១៖ ក្រុមហ៊ុន អ ធី ធី ដេញថ្លៃបានក្នុងគម្រោងទឹកប្រាក់ ១៤២,៣៥០,០០០រៀល
*សង្កាត់ទួលសង្កែទី២៖ ក្រុមហ៊ុន ប៊ុន ណា ខនស្រ្តាតសិន ដេញថ្លៃបានក្នុងគម្រោងទឹកប្រាក់ ៤៣,០៤៥,០០០រៀល។

ការដាក់ឱ្យមានការដេញថ្លៃគម្រោងអភិវឌ្ឍន៍សង្កាត់ នាពេលនេះ គឺដើម្បីផ្តល់ឱ្យរដ្ឋបាលសង្កាត់ មានលទ្ធភាពធ្វើការជួសជុល កសាង និងកែលម្អរហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងមូលដ្ឋានរបស់ខ្លួន ដែលខូចខាត និងខ្វះខាត ឬធ្វើឲ្យមានសោភ័ណភាពឡើងវិញ ដើម្បីធានាឱ្យមានតម្លាភាពក្នុងការចំណាយថវិកាថ្នាក់ក្រោមជាតិ ព្រមទាំងបំពេញសេវាតម្រូវការចំទិសដៅ ដែលប្រជាពលរដ្ឋចង់បាន ជាពិសេសធានាបាននូវភាពល្អប្រសើររាល់ពេលអនុវត្តកិច្ចសន្យាជាមួយភាគីក្រុមហ៊ុនទទួលបានការដេញថ្លៃ ផងដែរ៕