(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិននៅថ្ងៃសុក្រនេះបាននិយាយថា ប្រទេសចិនបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ច្រើនជាងប្រទេសណាៗទាំងអស់នៅលើពិភពលោក ខណៈវ៉ាក់សាំងភាគច្រើនដែលប្រទេសកំពុងអភិវឌ្ឍន៍

ទទួលបានគឺមកពីប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក Wang Wenbin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា រហូតមកដល់ពេលនេះ ប្រទេសចិនបានផ្តល់វ៉ាក់សាំងជាង១.៧ពាន់លានដូស ដល់ប្រទេសជាង១១០ប្រទេស និងអង្គការអន្តរជាតិ ដោយនឹងខិតខំផ្តល់ឲ្យបានគ្រប់២ពាន់លានដូសនៅចុងឆ្នាំនេះ។

លោកបានបន្ថែមថា ប្រទេសចិននឹងផ្តល់វ៉ាក់សាំងបន្ថែមទៀតដល់ប្រទេសកំពុងអភិវឌ្ឍន៍តាមវិធីផ្សេងៗគ្នា ហើយនឹងរួមចំណែកកាន់តែច្រើនក្នុងការសម្រេចបាននូវសមធម៌ និងលទ្ធភាពទទួលបានវ៉ាក់សាំង ដើម្បីយកជ័យជំនះពេញលេញលើជំងឺរាតត្បាត៕