(ភ្នំពេញ)៖ អត្ថបទព័ត៌មានមួយដែលល្អ និងប្រកបដោយការជឿទុកចិត្តបាន គួរណាស់តែជាអត្ថបទដែលមានប្រភពច្បាស់លាស់ ជាពិសេសការប្រើប្រាស់ខ្វូត (Quote) ឬសម្រង់ប្រយោគដើម ដែលលើកឡើងដោយប្រភពនោះតែម្តង។ នេះជាការបញ្ជាក់របស់ លោក ម៉ារ យ៉ារិទ្ធ ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News ដែលហៅកាត់ថា FTC កាលពីចុងសប្តាហ៍មុន។

អ្នកសារព័ត៌មានជាង ៣ទសវត្សរ៍ខាងលើ បានលើកឡើងថា៖ «សរសេរព័ត៌មានអត់ខ្វូត ដូចស្លៀកខោអត់មានខ្សែក្រវ៉ាត់ ខ្វូតសំខាន់ណាស់ ការសរសេរព័ត៌មានដោយអត់ប្រើ Quote អាចមានគ្រោះថ្នាក់ និងធ្វើឲ្យអ្នកអានមិនសូវមានទំនុកចិត្ត។ យើងអ្នកកាសែតកុំធ្វើការសន្និដ្ឋានលឿនពេក ប្រសិនជាប្រភពមិនបានបញ្ជាក់ច្បាស់នៅឡើយ។ បើចង់បញ្ជាក់ច្បាស់ត្រូវសួរប្រភពបន្ថែម»

Quote ឬសម្រង់ប្រយោគដើម ប្រៀបដូចជាអំណះអំណាង ឬភស្តុតាង សម្រាប់គាំទ្រដល់អត្ថបទព័ត៌មាន ដើម្បីធ្វើឱ្យអ្នកអានកាន់តែជឿជាក់លើរឿងដែលកើតឡើង។ ប្រភពលើកឡើងបែបណា អ្នកសារព័ត៌មាន ត្រូវស្រង់ Quote មកសរសេរបែបនោះ ហើយមិនត្រូវកែប្រែប្រយោគនោះឱ្យខុសពីន័យដើមនោះទេ។

បើតាមការពន្យល់បន្ថែមពីលោក ម៉ារ យ៉ារិទ្ធ, ការសរសេរព័ត៌មានដែលមិនបង្ហាញខ្វូតពីប្រភព គឺអាចបង្កគ្រោះថ្នាក់ដល់អ្នកកាសែតខ្លួនឯងផ្ទាល់ផង និងធ្វើឲ្យអ្នកអានមិនសូវមានទំនុកចិត្តផង។ អាចបង្ករគ្រោះថ្នាក់ដល់អ្នកសរសេរព័ត៌មានខ្លួនឯងក្នុងន័យនេះ គឺលោកព្រឹទ្ធាចារ្យ ចង់ឲ្យអ្នកសារព័ត៌មានចេះការពារខ្លួន ក្នុងករណីដែលប្រភពផ្ដល់ព័ត៌មានដែលមិនពិត ឬប៉ះពាល់ដល់ផ្លូវច្បាប់ ហើយមិនមានប្រភពច្បាស់លាស់ អ្នកសារព័ត៌មានខ្លួនឯងអាចប្រឈមទៅនឹងទោស ដែលផ្សព្វផ្សាយព័ត៌មានមិនពិតជាដើម។

ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) លោក ម៉ារ យ៉ារិទ្ធ គឺជាព្រឹទ្ធាចារ្យក្នុងវិស័យសារព័ត៌មានជាង៣ទសវត្សន៍មកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារ ព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ ក្រៅពីនោះលោក ម៉ារ យ៉ារិទ្ធ ដែលមានរហ័សនាម «អាត់ជួង» នៅកម្ពុជាក្នុងវិស័យសារព័ត៌មានរូបនេះ គឺជាអ្នកចូលរួមក្នុងការបង្កើតស្ថាប័នព័ត៌មាន និងដឹកនាំ ស្ថាប័នសារព័ត៌មាន ជាច្រើននៅកម្ពុជា។ លោកគឺជានិស្សិតខ្មែរដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុង សហរដ្ឋអាមេរិក។

ដោយឡែក មជ្ឈមណ្ឌលបណ្តុះបណ្តាល Fresh News (Fresh News Training Center) ហៅកាត់ថា «FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News។ FTC ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ។ FTC មាន លោក ម៉ារ យ៉ារិទ្ធិ ជាប្រធាននៃមជ្ឈមណ្ឌល និងជាគ្រូបង្គោល៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព៏ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទលេខ : 089 960 090.
២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈតាមរយៈលេខទូរស័ព្ទ ឬតេឡេក្រាម៖ 092 322 334.