(ភ្នំពេញ)៖ បន្ទាប់ពីការស្រាវជ្រាវក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា សំណាក់របស់អ្នកពុលអាល់កុលរបស់ពលករខ្មែរក្នុងមណ្ឌលចត្តាឡីស័កក្នុងក្រុងប៉ោយប៉ែត កំពុងធ្វើការវិភាគបន្ថែមនៅមជ្ឈមណ្ឌលជាតិមន្ទីរពិសោធន៍សុខាភិបាល ដើម្បីរកឱ្យច្បាស់ពីមូលហេតុ។

នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា នេះ បានផ្ទុះហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីពលករខ្មែរ២១នាក់ ដែលកំពុងដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកូបធំ ស្ថិតនៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពុលអាល់កុល ស្លាប់ ៧នាក់ (ស្រី១នាក់) និងនាំយកទៅសង្គ្រោះ ១២នាក់ (ស្រី ១នាក់)។

តាមរយៈសេចក្តីជូនព័ត៌មាននៅថ្ងៃទី១២ ខែវិច្ឆិកា នេះក្រសួងសុខាភិបាល បានឱ្យដឹងថា តាមរយៈការសាកសួរព័ត៌មានពីជនរងគ្រោះ កាលពីថ្ងៃទី០៩ និងថ្ងៃទី១០ ខែវិច្ឆិកា ជនរងគ្រោះ បានយកអាល់កុលលាយជាមួយទឹក ខ្លះយកមកលាយជាមួយកូកាកូឡា ហើយមួយចំនួនទៀតលាយជាមួយទឹកអូអ៉ីឈិ ហើយនាំគ្នាផឹក។ លុះដល់ថ្ងៃទី១១ ខែវិច្ឆិកា ក៏ចាប់ផ្តើមមានរោគសញ្ញាដូចជាឈឺក្បាល វិលមុខ ក្អួត និងថប់ដង្ហើម។

ក្រសួងសុខាភិបាលមិនទាន់សន្និដ្ឋានឱ្យជាក់ច្បាស់លើករណីនេះនៅឡើយទេ ដោយរង់ចាំលទ្ធផលពិសោធន៍សំណាកសិន។

បើទោះបីលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំយកអាល់កុលលាយជាមួយទឹក ឬភេសជ្ជៈនានា មកពិសា ពីព្រោះអាល់កុលត្រូវបានធ្វើឡើងសម្រាប់ជាសារធាតុសម្លាប់មេរោគ ដើម្បីបង្ការកុំឱ្យកើតជំងឺឆ្លងនានា ដូចជាអាល់កុលសម្រាប់លាងដៃជាដើម។

លោករដ្ឋមន្ត្រី ក៏បានអំពាវនាវកុំឱ្យចូលរួមពិសាស្រា ដែលបិទ ឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងគ្មានការត្រួតពិនិត្យ។ បន្ថែមពីលើនោះ អ្នកប្រកបអាជីវកម្ម ហាមដាច់ខាតកុំយកសារធាតុមេតាណុលមកលាយធ្វើស្រា-ស ដែលបង្កឱ្យពុល និងស្លាប់បាត់បង់ជីវិត។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់អាជ្ញាធរត្រូវចាត់តាំងកម្លាំងគ្រប់គ្រងឃ្លាំមើល និងទប់ស្កាត់ការលក់ស្រា ដែលបិទ ឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងណែនាំប្រជាពលរដ្ឋជៀសវាងយកសារធាតុមេតាណុលលាយធ្វើស្រា ដែលបង្កឱ្យពុល និងស្លាប់បាត់បង់ជីវិត៕