(ភ្នំពេញ)៖ បន្ថែមពីលើសារសំឡេងនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ដដែលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា ការជួបជុំនានា រួមទាំងសកម្មភាពជួបជុំរបស់គណបក្សនយោបាយ ដែលស្របតាមច្បាប់ ក៏ត្រូវបានអនុញ្ញាតផងដែរ។

សម្តេចតេជោ បានគូសបញ្ជាក់ថា ក្រៅតែពីពិធីរៀបអាពាហ៍ពិពាហ៍ និងពិធីសាសនា ការជួបជុំជាទូទៅផ្សេងទៀត ដើម្បីបំពេញការងារ ឬ ធ្វើសកម្មភាព និង ប្រារព្ធពិធីផ្សេងៗ រួមមាន៖ ការជួបជុំរបស់ប្រជាពលរដ្ឋ, យុវជន សិស្ស និង និស្សិត, កម្មករ-និយោជិត, ក៏ដូចជាការជួបជុំរបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ រួមបញ្ចូលទាំងការជួបជុំស្របតាមច្បាប់អនុញ្ញាត ដែលរៀបចំឡើងដោយគណបក្សនយោបាយនានា ក៏ត្រូវបានអនុញ្ញាតផងដែរ។

ទន្ទឹមនឹងការប្រកាសបើកទូលាយនូវសកម្មភាពអាពាហ៍ពិពាហ៍ ពិធីសាសនា និងការជួបជុំដូចបានរៀបរាប់ខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់អ្នករៀបចំ និងអ្នកចូលរួមក្នុងពិធី ត្រូវគោរពហ្មត់ចត់តាមវិធានការពារសុវត្ថិភាព ស្របតាមការកំណត់របស់ក្រសួងសុខាភិបាល និង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការនូវការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩៕