(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការបន្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញជូនប្រជាពលរដ្ឋ ដែលខកខាងមិនបានមកទទួលការចាក់វ៉ាក់សាំង ក្រោមមូលហេតុចាំបាច់មួយចំនួន។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា កន្លងមកអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ ដោយមានកិច្ចសហការពីក្រុមគ្រូពេទ្យ នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តផ្សេងៗទៀត បានដំណើរការចាក់វ៉ាក់សាំង ដូសជំរុញ ឬដូសទី៣ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌទាំង១៤ នៃរាជផានីភ្នំពេញ បានយ៉ាងរលូនស្របតាមប្រតិទិនការងារ ដែលបានគ្រោងទុក ហើយប្រជាពលរដ្ឋជាច្រើន ក៏បានស្ម័គ្រចិត្តអញ្ជើញមកចាក់វ៉ាក់សាំងតាមគោលដៅដែលបានកំណត់។

រដ្ឋបាលរាជធានីភ្នំពេញ សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏មានសារៈសំខាន់ជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការបង្ការ ទប់ស្កាត់ និងកសាងនូវប្រព័ន្ធភាពស៊ាំសហគមន៍ឲ្យកាន់តែរឹងមាំប្រឆាំងនឹងជំងឺកូវីដី-១៩។ ប៉ុន្តែទោះជាយ៉ាងនេះក្តី រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថា នៅមានប្រជាពលរដ្ឋមួយចំនួនពុំទាន់ បានអញ្ជើញមកទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ នៅឡើយដោយមូលហេតុមួយចំនួន រួមមាន៖ ជាប់
អនុវត្តវិធានចត្តាឡីស័ក, មានបញ្ហាសុខភាព, មានធុរៈចាំបាច់ ឬទើបគ្រប់រយៈពេលនៃគម្លាតពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន។

ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងនាម អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ សម្រេចបន្តផ្តល់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ សជំរុញ ឬដូសទី៣ ជូនប្រជាពលរដ្ឋដែលខកខានមិនបាន មកទទួលវ៉ាក់សាំងដោយមូលហេតុខាងលើ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឺងជាថ្មី នៅតាមទីតាំងដូចមានឧបសម្ព័ន្ធជូនភ្ជាប់មកជាមួយ។

ជាថ្មីម្តងទៀត រដ្ឋបាលរាជធានីភ្នំពេញ សូមក្រើនរំលឹក និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តា រួសរាន់មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ឲ្យបានទាន់ពេលវេលា ដោយជ្រកាន់ខ្ជាប់ឲ្យបានជាដាច់ខាតនូវការរក្សាគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស់ តម្រង់ជួរ ចៀសវាងការឈរប្រជ្រៀតគ្នា ហើយសូមចូលរួម អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ ៣ ការពារ និង ៣កុំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ខ្លឹមសារដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មេត្តាជ្រាបជាព័ត៌មាន និងអញ្ជើញមកទទួលវ៉ាក់សាំងដូសជំរុញដោយឥតគិតថ្លៃ ឲ្យបានទាន់ពេលវេលា ប្រកបដោយស្មារតីទទួលខុសត្រូវ និងផ្តល់កិច្ចសហការខ្ពស់៕