(ភ្នំពេញ)៖ ដើម្បីចូលរួមទប់ស្កាត់រាល់មុខទំនិញ និងម្ហូបអាហារ ដែលដាក់លក់ខូចគុណភាព និងហួសកាល បរិច្ឆេទដាក់លក់នៅលើ ទីផ្សារនោះ មន្រ្ដីកាំកុងត្រូលអនុវត្តតាមតួនាទី ភារកិច្ចក្នុងក្របខ័ណ្ឌ ជាអ្នកធានា ការពារសុខភាព សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ពិសេសក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណី ជាតិខ្មែរ ដែលនឹងប្រារព្ធនៅថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០១៦ខាងមុខនេះ។

ក្នុងការចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារដែលធ្វើចរាចរចែកចាយ លក់ដូរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ នៅផ្សារច្បារអំពៅ លោក ប៊ុន សុខូម៉ា អនុប្រធានសាខា កាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ នៃអគ្គនាយកដ្ឋាន កាំកុងត្រូល ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា គោលបំណងនៃការចុះត្រួតពិនិត្យនេះ មន្រ្ដីជំនាញបានយកចិត្តទុកដាក់ទៅលើ ផលិតផល ទំនិញម្ហូបអាហារ ភេសជ្ជៈ គ្រឿងឧបភាគបរិភោគ បន្លែ ផ្លែឈើ ដែលអាជីវករកំពុងដាក់តាំងលក់នៅ តាមតូបហាងលក់ ភេសជ្ជៈ និងផ្សារម៉ាត ជាពិសេសធ្វើយ៉ាងណា ដើម្បីទទួលបាននូវម្ហូបអាហារ ប្រកបដោយសុវត្ថិភាព និងមិនប៉ះ ពាល់ដល់សុខភាព។

លោកបានអះអាងថា តាមរយៈការចុះត្រួតពិនិត្យនៅតាមទីផ្សារ  ផ្ទះលក់ទំនិញ និងផ្សារម៉ាតនេះ គឺមិនបានរកឃើញគ្រឿងកំប៉ុង ឬអាហារដែលហួសកាលបរិច្ឆេទនោះទេ ពិសេសការរៀបចំដាក់លក់ ផលិតផល ម្ហូបអាហារ នំចំណី និងទំនិញភាគច្រើនអាជីវករ មានការយល់ដឹង និងដាក់លក់បានត្រឹម ត្រូវតាមលក្ខណៈបច្ចេកទេស ដែលមន្រ្ដីកាំកុងត្រូលបានធ្វើការណែនាំកន្លងមក។

លោក ប៊ុន ចំរើន ប្រធានសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញបានឱ្យដឹងថា ការចុះពិនិត្យនេះគឺមន្រ្តីជំនាញបានធ្វើការចុះត្រួតពិនិត្យ ជាប្រចាំ ទៅតាមការណែនាំពីអគ្គនាយកកាំកុងត្រូល  ដើម្បីទប់ស្កាត់ឱ្យបានទាន់ពេលវេលា នូវការធ្វើចរាចរ ចែកចាយលក់ដូរផលិតផល ម្ហូបអាហារគ្មានអនាម័យ ទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ឬការលួចប្រើសារធាតុគីមីហាមឃាត់នៅក្នុង បន្លែ ផែ្លឈើ ស្ករ ឬការដាក់លក់ទំនិញមិនសមស្របបន្លំជាមួយនឹងទំនិញត្រឹមត្រូវជាដើម។

លោកប្រធានសាខាក៏បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរ អ្នកកែច្នៃ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់ មុននឹងធ្វើចរាចរ ចែកចាយ លក់ ដូរ និងទិញទំនិញម្ហូបអាហារទទួលទានដោយសុវត្ថិភាព មិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ក្នុងឱកាសចូលឆ្នាំថ្មីនេះ ។

មន្ត្រីកាំកុងត្រូលបានឱ្យដឹងថា ការចុះត្រួតពិនិត្យគុណភាពចំណីអាហារនៅលើទីផ្សារនេះ គឺធ្វើឡើងព្រមៗគ្នាជាមួយផលិតផលទំនិញ ដែលតាំងលក់នៅតាមតូប ហាងលក់ភេសជ្ជៈ តាមផ្ទះ និងផ្សារម៉ាតទាំងអស់ ដើម្បីធ្វើយ៉ាងណាធានាឱ្យបានទំនិញ ម្ហូបអាហារទាំងនោះ ប្រកបដោយសុវត្ថិភាព និងមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

គួរបញ្ជាក់ថា ការបង្កើនចុះត្រួតពិនិត្យគុណភាពម្ហូបអាហារ និងទំនិញនៅតាមទីផ្សារក្នុងរាជធានី ភ្នំពេញនេះ គឺបានធ្វើឡើងយ៉ាងសកម្ម ខណៈដែលប្រជាពលរដ្ឋកម្ពុជាបានសម្រុកទិញទំនិញ ម្ហូបអាហារ និងផលិតផលជាគ្រឿងឧបភោគ បរិភោគគ្រប់ប្រភេទពិសេស បានយកចិត្តទុកដាក់ត្រួតពិនិត្យទៅលើ ទំនិញដែលខូចគុណភាពដែលគេបន្លំយកទៅដាក់វេចខ្ចប់បញ្ជូល ជាកាដូសម្រាប់យកទៅចែកជូន ញាតិ មិត្ដ ឪពុក ម្ដាយ និងបងប្អូន ក្រុមគ្រួសារ ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ៕

Advertising