(ភ្នំពេញ)៖ ឯកឧត្តម ងួន សុជាតិ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និង ក្រុមគ្រួសារ បានថ្លែងអំណរគុណដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានចូលរួមរំលែកមរណទុក្ខ ចំពោះការបាត់បង់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា។ នេះបើតាមលិខិតថ្លែងអំណរគុណដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

យោងតាមលិខិតថ្លែងអំណរគុណ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងខ្ញុំ ងួន សុជាតិ ងួន រាសី ងួន សុគន្ធី ងួន រស្មី ព្រមទាំងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសាររំលែកទុក្ខចុះថ្ងៃទី០៥ ខែ វិច្ឆិកា ឆ្នាំ២០២១ របស់សម្តេចក្រឡាហោម ដែលបានសម្តែងនូវមនោសញ្ចេតនា សមានទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសាររបស់យើងខ្ញុំ ចំពោះមរណៈភាពកិត្តិនីតិកោសលបណ្ឌិត ងួន ញិល ដែលត្រូវជាបិតា បិតាក្មេក ជីតា ជីតាទួត របស់ក្រុមគ្រួសារយើងខ្ញុំ នាថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវេលាម៉ោង ១០៖៣៦នាទីព្រឹក ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ»

យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះសម្តេចក្រឡាហោម ដែលបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ក្នុងពិធីបុណ្យសពឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ស្រមតាមប្រពៃណីព្រះពុទ្ធសាសនា និងវិធានការសុខាភិបាល។ សាររំលែកទុក្ខដ៏ខ្ពង់ខ្ពស់របស់សម្តេចគឺជាសក្ខីភាពបញ្ញាក់នូវទឹកចិត្តស្រលាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតចំពោះយើងខ្ញុំទាំងអស់គ្នា ព្រមទាំងក្រុមគ្រួសារ ដែលធ្វើឲ្យយើងខ្ញុំទាំងអស់គ្នាមិនអាចបំភ្លេចបាន នូវសមានចិត្តដ៏ប្រពៃ ខ្ពង់ខ្ពស់ថ្លៃថ្លាររបស់ សម្តេចតេជោបានឡើយ។

យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរសម្តេចក្រឡាហោម ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវពុទ្ធពរទាំងឡាយប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមសម្តេចក្រឡាហោម មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំ។

សូមបញ្ជាក់ថា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភាជាតិ បានទទួលមរណភាពដោយរោគាពាធ នៅថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០:៣៦នាទីព្រឹក ក្នុងជន្មាយុ៧៩ឆ្នាំ៕