(តាកែវ)៖ អំណោយជាថ្នាំពេទ្យចិនសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ត្រូវបានក្រុមហ៊ុនចិន HUAWEI យកមកប្រគល់ជូនលោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនខេត្តតាកែវ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែវិឆ្ឆិកា ឆ្នាំ២០២១នេះ។

លោក សុខ ពុទ្ធិវុធ បានថ្លែងអំណរអរគុណក្រុមហ៊ុនចិនទូរសព្ទដៃ HUAWEI ប្រចាំនៅកម្ពុជាដែលបានផ្ដល់ជាថ្នាំសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ក្នុងភូមិសាស្រ្តខេត្តតាកែវ និងដើម្បីសំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩។

សម្រាប់ភូមិសាស្រ្តខេត្តតាកែវបច្ចុប្បន្ន អត្រាអ្នកឆ្លងជំងឺកូវីដ-១៩ ហាក់មានការថយចុះ ដែលនេះបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ដឹកនាំខេត្ត ក៏ដូចស្ថាប័នពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ដែលកន្លងមកបានរួមគ្នាផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនៃជំងឺរាតត្បាតកូវីដ-១៩ នេះទាំងអស់គ្នា។

លោកប្រធានក្រុមហ៊ុន HUAWEI ប្រចាំកម្ពុជា បានបង្ហាញក្ដីសប្បាយរីករាយ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្ដល់ជាថ្នាំសង្កូវសម្រាប់ជួយព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងខេត្តតាកែវ ដែលសកម្មភាពនេះ បានបញ្ជាក់ពីចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា-ចិន ខណៈពេលដែលជំងឺកូវីដ-១៩ កំពុងតែរាតត្បាតក្នុងប្រទេសកម្ពុជា ពិសេសក្នុងខេត្តតាកែវផ្ទាល់តែម្ដង ហើយលោកក៏សង្ឃឹមយ៉ាងម៉ុតមាំថាការផ្ដល់ជាថ្នាំនៅថ្ងៃនេះ អាចព្យាបាលប្រជាពលរដ្ឋពីជំងឺកូវីដ-១៩ បានជាសះស្បើយផងដែរ៕