(ភ្នំពេញ)៖ ទូលព្រះបង្គំ ងួន សុជាតិ ងួន រាសី ងួន សុគន្ធី ងួន រស្មី ព្រមទាំងក្រុមគ្រួសារនៃសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា បានផ្ញើសារថ្លែងនូវអំណរព្រះមហា ករុណាទិគុណជាអនេកប្បការ ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលទ្រង់សព្វព្រះរាជឬទ័យ ចាត់ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ គឺសម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នាំយកនូវព្រះរាជាសារ និងក្រោនផ្តាចូលរួមរំលែកសេចក្តីទុក្ខព្រួយដ៏ក្រៀមក្រំជាមួយ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ព្រមទាំងក្រុមគ្រួសារនៃសព។

យោងតាមលិខិតថ្លែងអំណរគុណរបស់តំណាងរាស្រ្ត ងួន សុជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា «ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ព្រមទាំងក្រុមគ្រួសារ នៃសពឯកឧត្តមកិត្តិនីតិកោសបណ្ឌិត ងួន ញ៉ិល សូមសម្តែងនូវអំណរព្រះគុណ ប្រកបដោយកត្តញ្ញូតាធម៌ ចំពោះព្រះរាជហឫទ័យដ៏ថ្ងៃថា
សណ្តាសប្រោសប្រណី និងដោយមានមនោសញ្ចេតនា ស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតចំពោះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ព្រមទាំងក្រុមគ្រួសារនៃសព ដែលធ្វើឲ្យទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ព្រមទាំងក្រុម គ្រួសារគ្មានថ្ងៃអាចបំភ្លេច នូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លានេះបានឡើយ»

ជាថ្មីម្តងទៀត ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា ព្រមទាំងក្រុមគ្រួសារ សូមព្រះបរមរាជានុញ្ញាតលំអោនកាយក្រាបថ្វាយព្រះពរសព្វសាធុការ បវរមហាប្រសើរ ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមទ្រង់បានប្រកបដោយព្រះពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ក្សេមក្បាន ចម្រើន រុងរឿងសម្រាប់ប្រជារាស្ត្រខ្មែរគ្រប់រូប ជាយូរអង្វែង ដរាបរៀងទៅ។

សូមបញ្ជាក់ថា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភាជាតិ បានទទួលមរណភាពដោយរោគាពាធ នៅថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០៖៣៦នាទីព្រឹក ក្នុងជន្មាយុ៧៩ឆ្នាំ៕