(ភ្នំពេញ)៖ ទូលព្រះបង្គំ ងួន សុជាតិ ងួន រាសី ងួន សុគន្ធី ងួន រស្មី ព្រមទាំងក្រុមគ្រួសារ នៃសពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា បានផ្ញើសារថ្លែងនូវអំណរព្រះមហាករុណាគុណជាអនេកប្បការ ថ្វាយព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលទ្រង់សព្វព្រះរាជហឬទ័យ ចាត់ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ គឺសម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នាំយកនូវព្រះរាជាសារ និងក្រោនផ្តាចូលរួមរំលែកសេចក្តីទុក្ខព្រួយដ៏ក្រៀមក្រំជាមួយ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ព្រមទាំងក្រុមគ្រួសារនៃសព។

យោងតាមលិខិតថ្លែងអំណរគុណរបស់តំណាងរាស្រ្ត ងួន សុជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា «ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ព្រមទាំងក្រុមគ្រួសារ នៃសពឯកឧត្តមកិត្តិនីតិកោសបណ្ឌិត ងួន ញ៉ិល សូមសម្តែងនូវអំណរព្រះគុណប្រកបដោរកត្តញ្ញូតាធម៌ ចំពោះព្រះរាជហឫទ័យ ដ៏ថ្លៃថ្លាសណ្តាសប្រោសប្រណី និងដោយមានមនោសញ្ចេតនា ស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតចំពោះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ព្រមទាំងក្រុមគ្រួសារនៃសព ដែលធ្វើឲ្យទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ព្រមទាំងក្រុមគ្រួសារ គ្មានថ្ងៃអាចបំភ្លេច នូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លានេះបានឡើយ»

ជាថ្មីម្តងទៀត ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា ព្រមទាំងក្រុមគ្រួសារ សូមព្រះបរមរាជានុញ្ញាតលំអោនកាយក្រាបថ្វាយព្រះពរសព្វសាធុការ បវរមហាប្រសើរ ថ្វាយព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមទ្រង់បានប្រកបដោយព្រះពុទ្ធពរទាំងឡាយ បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ក្សេមក្សាន ចម្រើន រុងរឿងសម្រាប់ប្រជារាស្ត្រខ្មែរគ្រប់រូប ជាយូអង្វែង ដរាបរៀងទៅ។

សូមបញ្ជាក់ថា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភាជាតិ បានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០:៣៦នាទីព្រឹក ក្នុងជន្មាយុ៧៩ឆ្នាំ៕