(ភ្នំពេញ)៖ ឯកឧត្តម ងួន សុជាតិ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និង ក្រុមគ្រួសារ បានថ្លែងអំណរគុណដល់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចូលរួមរំលែកមរណទុក្ខ ចំពោះការបាត់បង់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា។ នេះបើតាមលិខិតថ្លែងអំណរគុណដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

យោងតាមលិខិតថ្លែងអំណរគុណ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងខ្ញុំ ងួន សុជាតិ ងួន រាសី ងួន សុគន្ធី ងួន រស្មី ព្រមទាំងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសាររំលែកទុក្ខចុះថ្ងៃទី០៥ ខែ វិច្ឆិកា ឆ្នាំ២០២១ របស់ឯកឧត្តម ហ៊ុន ម៉ានី ដែលបានសម្តែងនូវមនោសញ្ចេតនា សមានទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសាររបស់យើងខ្ញុំ ចំពោះមរណៈភាព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញិល ដែលត្រូវជាបិតា បិតាក្មេក ជីតា ជីតាទួត របស់ក្រុមគ្រួសារយើងខ្ញុំ នាថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវេលាម៉ោង ១០:៣៦នាទីព្រឹក ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ»

យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះឯកឧត្តម ហ៊ុន ម៉ានី ដែលបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំក្នុងពិធីបុណ្យសពកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ស្រមតាមប្រពៃណីព្រះពុទ្ធសាសនា និងវិធានការសុខាភិបាល។ សាររំលែកទុក្ខដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមគឺជាសក្ខីភាពបញ្ញាក់នូវទឹកចិត្តស្រលាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតចំពោះយើងខ្ញុំទាំងអស់គ្នា ព្រមទាំងក្រុមគ្រួសារ ដែលធ្វើឲ្យយើងខ្ញុំទាំងអស់គ្នាមិនអាចបំភ្លេចបាន នូវសមានចិត្តដ៏ប្រពៃ ខ្ពង់ខ្ពស់ថ្លៃថ្លាររបស់ ឯកឧត្តម បានឡើយ។

យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារសូមទទួលបាននូវពុទ្ធពរទាំងឡាយប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម ឯកឧត្តម មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំ។

សូមបញ្ជាក់ថា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភាជាតិ បានទទួលមរណភាពដោយរោគាពាធ នៅថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០:៣៦នាទីព្រឹក ក្នុងជន្មាយុ៧៩ឆ្នាំ៕