(ភ្នំពេញ)៖ ឯកឧត្តម ងួន សុជាតិ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងក្រុមគ្រួសារ បានថ្លែងអំណរគុណដល់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា ដែលបានចូលរួមរំលែកមរណទុក្ខចំពោះការបាត់បង់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា។ នេះបើតាមលិខិតថ្លែងអំណរគុណដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

យោងតាមលិខិតថ្លែងអំណរគុណ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងខ្ញុំងួន សុជាតិ ងួន រាសី ងួន សុគន្ធី ងួន រស្មី ព្រមទាំងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះសាររំលែកទុក្ខចុះថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ របស់សម្តេចវិបុលសេនាភក្តី ដែលបានសម្តែងនូវ មនោសញ្ចេតនា សមានទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសាររបស់យើងខ្ញុំ ចំពោះមរណៈភាព កិត្តិនីតិកោសលបណ្ឌិត ងួន ញិល ដែលត្រូវជាបិតា បិតាក្មេក ជីតា ជីតាទួត របស់ក្រុមគ្រួសារយើងខ្ញុំ នាថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវេលាម៉ោង ១០:៣៦នាទីព្រឹក ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ»

យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះសម្តេចវិបុលសេនាភក្តី ដែលបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំក្នុងពិធីបុណ្យសពកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិលស្រមតាមប្រពៃណីព្រះពុទ្ធសាសនា និងវិធានការសុខាភិបាល។ សាររំលែកទុក្ខដ៏ខ្ពង់ខ្ពស់របស់សម្តេច គឺជាសក្ខីភាពបញ្ញាក់នូវទឹកចិត្តស្រលាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតចំពោះយើងខ្ញុំទាំងអស់គ្នា ព្រមទាំងក្រុមគ្រួសារ ដែលធ្វើឲ្យយើងខ្ញុំទាំងអស់គ្នាមិនអាចបំភ្លេចបាន នូវសមានចិត្តដ៏ប្រពៃ ខ្ពង់ខ្ពស់ថ្លៃថ្លាររបស់ សម្តេចវិបុលសេនាភក្តី បានឡើយ។

យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរសម្តេចវិបុលសេនាភក្តី សាយ ឈុំ ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវពុទ្ធពរទាំងឡាយប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមសម្តេចសេនាភក្តី មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំ។

សូមបញ្ជាក់ថា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភាជាតិ បានទទួលមរណភាពដោយរោគាពាធ នៅថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០:៣៦នាទីព្រឹក ក្នុងជន្មាយុ៧៩ឆ្នាំ៕