(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញការណែនាំថ្មី ដោយអនុញ្ញាតឱ្យការរៀបអាពាហ៍ពិពាហ៍ អាចអញ្ជើញភ្ញៀវចូលរួមរហូតដល់ខ្ទង់ពាន់នាក់ តែត្រូវផ្អែកលើទីតាំង ជាពិសេសគោលការរកម្សាគម្លាតសុវត្ថិភាព។

ក្នុងសារសំឡេងពិសេសផ្ញើជូនជនរួមជាតិនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះ «យើងយកស្តង់ដា នៃការអនុវត្តតាមវិធានសុខាភិបាល ឧទាហរណ៍គម្លាតដែលត្រូវដាក់មួយតុចំនួន៧នាក់ ប្រសិនបើមានទីតាំងធំ អ្នកម្ចាស់ដើមការអាចអញ្ជើញភ្ញៀវទៅតាមចំនួនដែលអាចធ្វើធំបាន។ អាចអញ្ជើញ ៥០០នាក់ ៧០០នាក់ ឬដល់ ១ពាន់នាក់ ប៉ុន្តែត្រូវធានាចាំបាច់នូវការរក្សាគម្លាតទៅតាមតុ ដែលត្រូវបានរៀបចំ»

ជាមួយនឹងការបើកទូលាយឱ្យមានការអញ្ជើញភ្ញៀវចូលរួមច្រើននេះ សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់ម្ចាស់ដើមការត្រូវអញ្ជើញភ្ញៀវដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួនពីរដូសរួចរាល់ ហើយអ្នកមិនបានចាក់វ៉ាក់សាំង ព្រោះហេតុផលសុខភាពដែលគ្រូពេទ្យមិនអនុញ្ញាតនោះ ក៏អាចអញ្ជើញចូលរួមបានផងដែរ។ ដោយឡែកអ្នកមិនបានចាក់វ៉ាក់សាំង ព្រោះការគេចវេសសម្តេចតេជោ មិនលើកទឹកចិត្តឱ្យអញ្ជើញចូលរួមកម្មវិធីនោះឡើយ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានចាត់ទុកការបើកទូលាយនៃការរៀបចំពិធីមង្គលការ គឺជាអំណរសាទរសម្រាប់ម្ចាស់គូស្នេហ៍ទាំងឡាយ ហើយក៏ជាអំណរសាទរសម្រាប់អ្នកផ្តល់សេវាសម្រាប់ពិធីអាពាហ៍ពិពាហ៍ ដូចជាអ្នកភ្លេង អាចារ្យការ និងអ្នកចម្រៀងជាដើម។

ក្រៅតែពិធីរៀបអាពាហ៍ពិពាហ៍ការប្រារព្ធពិធីសាសនាផ្សេងៗ ក៏ត្រូវបានបើកទូលាយសម្រាប់ការចូលរួមផងដែរ ដោយមិនមានការកំណត់ចំនួនអ្នកចូលរួមនោះឡើយ។ ប៉ុន្តែត្រូវពិនិត្យជាក់ស្តែងទៅលើទីតាំងប្រារព្ធពិធីទាំងនោះ។

បើទោះបីជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន នៅតែបន្តដល់អ្នកចូលរួមក្នុងពិធីទាំងពីរខាងលើនេះ ត្រូវប្រកាន់ខ្ជាប់នូវវិធានសុខាភិបាលក្នុងការការពាររីករាលដាលជំងឺកូវីដ១៩ ដោយមានម៉ាស់ និងអាល់កុលជាប់តាមខ្លួនជាប្រចាំ៕